គម្រោងលក់បែបពីរ៉ាមីដ
អត្ថបទដោយ៖
នូ ចន្ថា
គម្រោងលក់បែបពីរ៉ាមីដ
(Pyramid Scheme)
គឺជាប្រព័ន្ធរកប្រាក់ចំណូលដោយមិនសុចរិតមួយ ដែលតម្រូវឱ្យជ្រើសរើសសមាជិកថ្មីចូលមិនចេះអស់មិនចេះហើយ
ដើម្បីទទួលបានជោគជ័យ ។ ក្នុងប្រព័ន្ធនេះ នៅពេលបុគ្គល “ក”ត្រូវណែនាំឱ្យចូលក្នុងប្រព័ន្ធ គាត់ត្រូវបង់ប្រាក់ឱ្យអ្នកនាំគាត់ចូល ហើយដើម្បីបានប្រាក់ជំណូល
គាត់ត្រូវជ្រើសអ្នកថ្មីផ្សេងៗទៀតឱ្យចូលក្នុងប្រព័ន្ធនេះ ។[1]
នៅពេលសមាជិកថ្មីចូលមកក្នុងគម្រោងនេះ នឹងបន្តផ្សព្វផ្សាយជ្រើសរើស សមាជិកផ្សេងៗទៀត ក្នុងទម្រង់ដដែលជាបន្តបន្ទាប់ ដើម្បីទទួលបានកម្រៃ ។
ប្រទេសជាច្រើននៅលើពិភពលោក
ចាត់ទុកគម្រោងលក់បែបពីរ៉ាមីដ បែបនេះជាអំពើខុសច្បាប់ ។ ជាការពិត គម្រោងបែបនេះខុសច្បាប់ព្រោះថា
កម្រៃដែលទទួលបានពីគម្រោងនេះ ជាទូទៅ កើតចេញពីការបង់ថ្លៃចុះឈ្មោះចូលរួមក្រុម មិនមែនផ្អែកលើការលក់ផលិតផល
ឬសេវានោះទេ ។
ស្រដៀងគ្នានេះ មានយុទ្ធសាស្ត្រមួយផ្សេងទៀតឈ្មោះថា
“ទីផ្សារបណ្ដាញ (Multi-Level Marketing)”
ដែលជាប្រភេទមួយនៃទម្រង់ពីរ៉ាមីដដែរប៉ុន្តែជាសកម្មភាពលក់ផលិតផលឬសេវាពិតប្រាកដ ។
ទីផ្សារបណ្ដាញដែលលក់ផលិតផល ឬសេវាពិតប្រាកដមួយចំនួន គេមិនចាត់ជាខុសច្បាប់ឡើយ
ប៉ុន្តែទីផ្សារបណ្ដាញមួយចំនួនទៀត ក៏ត្រូវបានចាត់ទុកថាខុសច្បាប់ផងដែរ ។
ម្យ៉ាងទៀត ទីផ្សារបណ្ដាញ ក៏អាចប្រឈមមុខនឹងច្បាប់ដែរ
ប្រសិនបើ ទំនិញ ឬសេវា ដែលជាកម្មវត្ថុនៃការលក់ឱ្យអតិថិជននោះជាទំនិញ
ឬសេវាខុសច្បាប់ឬទំនិញដែលមិនមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច ។
ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់
នៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឱ្យប្រើថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ មាត្រា
២០ កថាខណ្ឌទី១ ចែងថា ៖ “បុគ្គលណាមួយ មិនត្រូវជំរុញ ឬប្រតិបត្តិគម្រោងលក់បែបពីរ៉ាមីដឡើយ” ។ ចំណែកកថាខណ្ឌទី ២ នៃមាត្រា ខាងលើ បានឱ្យនិយមន័យ គម្រោងលក់បែបពីរ៉ាមីដ
នេះ ។
ច្បាប់ស្ដីពីកិច្ចពារអ្នកប្រើប្រាស់
ខាងលើ បានប្រើពាក្យ “អំពើលក់បែបពីរ៉ាមីដ ឬការលក់ដែលភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត” សំដៅដល់សកម្មភាព ដែលសកម្មភាពដែលល្មើសច្បាប់ ។
មាត្រា ៤៥ នៃច្បាប់ដដែលចែងថា៖ “ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៨០លានរៀល ចំពោះអំពើលក់បែបពីរ៉ាមីដ
ឬការលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត ។ ”
ចំណែកមត្រា ៤៦ ចែងថា ៖ “ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរ ៦ខែ ទៅ ២ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី
១ លានរៀល ទៅ៤លានរៀល ចំពោះអំពើលក់បែបពីរ៉ាមីដ
ឬការលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត
ហើយដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់” ។
ជាចុងក្រោយ មាត្រា ៤៧ ចែងថា ៖ “ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី
២ ទៅ ៥ ឆ្នាំ ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញ
ដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត ដែលបណ្ដាលឱ្យមានពិការភាពអចិន្ត្រៃយ៍
ឬបណ្ដាលឱ្យបាត់បង់អាយុជីវិត ”។
លោកអ្នកអាចទស្សនាវីដេអូខាងក្រោមអំពីគម្រោងលក់បែបពីរ៉ាមីដ៖
[1] USLEGAL.COM, Pyramid Scheme Law
and Legal Definition, available at:
https://definitions.uslegal.com/p/pyramid-scheme/
No comments:
Post a Comment