Thursday, December 24, 2020

ក្រមរដ្ឋប្បវេណី៖ ច្បាប់ទូទៅនៃនីតិឯកជន

មាត្រា ១៖ ច្បាប់ទូទៅនៃនីតិឯកជន

            ក្រមនេះ បញ្ញត្តិអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី ។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្ត ចំពោះទំនាក់ទំនងទ្រព្យសម្បត្តិ និងទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស ។

មាត្រា ២៖ គោលការណ៍មូលដ្ឋាន

            ក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្ដីថ្លៃថ្នូរ របស់បុគ្គល ភាពស្មើគ្នារបស់បុរស នារី និងសិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានកមណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។

មាត្រា ៣៖ គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

            ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និងបញ្ញត្តិអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល ។ នីតិបុគ្គលសាធារណៈដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរ ត្រូវចាត់ទុកថាជាបុគ្គលឯកជន ។

មាត្រា ៤៖ ការហាមឃាត់មិនឱ្យប្រើប្រាស់សិទ្ធិដោយបំពាន

          ទោះបីជាសិទ្ធិក៏ដោយ ក៏ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយបំពានឡើយ ។ នៅក្នុងករណីដែលបានប្រើប្រាស់សិទ្ធិ ដោយបំពានហួសពីទំហំនៃការការពារ ដែលត្រូវបានបញ្ញត្តិទុក មិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយ ។

មាត្រា ៥៖ គោលការណ៍នៃសុច្ចរិត និងភាពស្មោះត្រង់

            ការប្រើសិទ្ធិ និងការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុច្ចរិត ផ្អែកតាមភាពស្មោះត្រង់ ។

 


No comments:

Post a Comment