Monday, December 28, 2020

បន្ទាត់មូលដ្ឋាន

 

អត្ថបទជំនួយស្មារតី អំពី បន្ទាត់មូលដ្ឋាន

អត្ថបទដោយ៖ នូ ចន្ថា

បន្ទាត់មូលដ្ឋាន គឺជាចំណុចចាប់ផ្ដើមនៃការកំណត់ ដែនសមុទ្ទរបស់រដ្ឋឆ្នេរសមុទ្ទ ពោលគឺដើម្បីកំណត់ដែនទឹកផ្ទៃក្នុង សមុទ្ទដែនដី សមុទ្ទតភ្ជាប់ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ គេត្រូវកំណត់បន្ទាត់មូលដ្ឋានឱ្យបានច្បាស់លាស់ជាមុនសិន។



មានការបែងចែកខុសគ្នាពាក់ព័ន្ធនឹងប្រភេទនៃបន្ទាត់មូលដ្ឋាន នៅក្នុងច្បាប់សមុទ្ទ។ មតិទី១៖ បែងចែកបន្ទាត់មូលដ្ឋានជាពីរប្រភេទ គឺបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។ មតិទី២៖ បែងចែកបន្ទាត់មូលដ្ឋានជាបីប្រភេទ គឺ បន្ទាត់មូលដ្ឋានធម្មតា បន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ។

បន្ទាត់មូលដ្ឋានធម្មតា គឺជាខ្សែបន្ទាត់ទឹកនាច មានន័យថាគេកំណត់បន្ទាត់មូលដ្ឋានរបស់រដ្ឋឆ្នេរសមុទ្ទមួយ ដោយយកចំណុចខ្សែទឹកនាចជាគោល។

ចំណែកបន្ទាត់មូលដ្ឋានត្រង់វិញ គឺជាបន្ទាត់ដែលគេគូសភ្ជាប់ចំណុចចុងសមស្របណាមួយ ក្នុងករណីដែលការគូសបន្ទាត់មូលដ្ឋានមិនអាចធ្វើបាន ដោយសារកត្តាភូមិសាស្ត្រ ឬកត្តាដទៃទៀត។

រីឯបន្ទាត់មូលដ្ឋានប្រជុំកោះវិញ គឺជាបន្ទាត់មូលដ្ឋានត្រង់ដែលគេភ្ជាប់ចំណុចចុងសមស្របនៃកោះនានា របស់រដ្ឋប្រជុំកោះ។

មាត្រា៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៨២ បានកំណត់ថា ខ្សែបន្ទាត់មូលដ្ឋានធម្មតារបស់រដ្ឋបង្កើតឡើងដោយ ខ្សែបន្ទាត់ទឹកនាច តាមបណ្ដោយឆ្នេរ ដែលកំណត់នៅក្នុងផែនទីខ្នាតធំ ទទួលស្គាល់ដោយរដ្ឋឆ្នេរសមុទ្ទ។

ខ្សែបន្ទាត់ទឹកនាច គឺផ្អែកទៅលើទិន្នន័យបន្ទាត់បញ្ឈរ (Verticle Datum)។ ទិន្នន័យបន្ទាត់បញ្ឈរ ប្រើសម្រាប់វាស់ទិន្នន័យជម្រៅ និងកម្ពស់ ដូចជា ជម្រៅ និងកម្ពស់ទឹកនាច ឬទឹកជោរ។

នៅក្នុងករណីពិសេសណាមួយ ផ្អែកលើលក្ខណៈភូមិសាស្ត្រ ជាអាទិ៍ ច្បាប់អន្តរជាតិ បានអនុញ្ញាតឱ្យរដ្ឋគូសខ្សែបន្ទាត់មូលដ្ឋានត្រង់ ភ្ជាប់ជាមួយនឹងបន្ទាត់មូលដ្ឋានធម្មតា កាត់ត្រង់តាមចំណុចជ្រើសរើសមួយចំនួន នៃឆ្នេរសមុទ្ទរបស់ខ្លួន។

វិធានទាក់ទងនឹងបន្ទាត់មូលដ្ឋានត្រង់ មានចែងនៅក្នុងមាត្រា៤ នៃអនុសញ្ញាឆ្នាំ១៩៥៨ ក៏ដូចជានៅក្នុងមាត្រា៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទផងដែរ។

អនុសញ្ញាច្បាប់សមុទ្ទ មាត្រា៩ បានចែងថា នៅពេលដែលទន្លេ ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្ទ បន្ទាត់មូលដ្ឋាន គួរតែជាបន្ទាត់ត្រង់ កាត់មាត់ទន្លេ រវាងចំណុចនៅលើខ្សែទឹកនាច នៃច្រាំងទន្លេនោះ

មាត្រា១០ (២) នៃអនុសញ្ញាច្បាប់សមុទ្ទ បានចែងថា ឆកសមុទ្ទគឺជាផ្នែករឆេងរឆូងដែលកំណត់ច្បាស់ ដែលលយចូលទៅដីគោក មានទំហំស្មើនឹងទទឹងនៃមាត់ឆកសមុទ្ទ ដើម្បីបង្កើតជាផ្ទៃទឹកមានដីគោកព័ទ្ធ និងបង្កើតជាកំណោងនៃឆ្នេរសមុទ្ទ។

នៅពេលដែលដែនទឹក ឬឆកមួយត្រូវបានគេទទួលស្គាល់ថាជាដែនទឹក ឬឆកប្រវត្តិសាស្ត្រ នោះរដ្ឋអាចគូសបន្ទាត់មូលដ្ឋានត្រង់ដើម្បីក្ដោបយកដែនទឹក ឬឆកនោះបាន។

បន្ទាត់មូលដ្ឋានសមុទ្ទដែនដី មានភាពខុសគ្នាដោយឡែកទៅ នឹងបន្ទាត់មូលដ្ឋានប្រជុំកោះ។ ជាមូលដ្ឋានសម្រាប់ការអះអាងបន្ទាត់មូលដ្ឋានប្រជុំកោះរបស់រដ្ឋ មាត្រា៤៧ (១) បានកំណត់ថា រដ្ឋប្រជុំកោះ អាចគូសបន្ទាត់មូលដ្ឋានដោយភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះនោះ

សូមអរគុណ! សូមចូលទស្សនាវីដេអូច្បាប់ផ្សេងៗ នៅក្នុងឆាណែល
  
LAW AUDIO: https://www.youtube.com/channel/UCYOi6sqSxULXMYtgFwUelpw 

សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត។ 

ចូលរួមក្រុមតេឡេក្រាម៖ https://t.me/lawaudio_kh

No comments:

Post a Comment