មាត្រា ១២៨ ថ្មី.-(មាត្រា ១០៩ ចាស់)
អំណាចតុលាការ ជាអំណាចឯករាជ្យ។
អំណាចតុលាការ ធានារក្សាអនាគតិ និង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
អំណាចតុលាការ គ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង។
អំណាចនេះ ត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
មាត្រា
១២៩ ថ្មី.-(មាត្រា ១១០ ចាស់)
ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះ ដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
មាត្រា
១៣០ ថ្មី.-(មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ ។
មាត្រា
១៣១ ថ្មី.- (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា។
មាត្រា
១៣២.-(មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។
មាត្រា
១៣៣ ថ្មី.-(មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស។
មាត្រា
១៣៤ ថ្មី.-(មាត្រា ១១៥ ចាស់)
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាព និងមុខងារ ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ ព្រះអង្គឱ្យធ្វើជាអធិបតី នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្ដីស្នើថ្វាយ ព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្ដីទាំងអស់។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និង ព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា។
មាត្រា
១៣៥ ថ្មី.-(មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រម
និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា។
No comments:
Post a Comment