មាត្រា ៦៥.-
រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយគុណភាព នៅគ្រប់កម្រិត និង ត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗ ដើម្បីឱ្យការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា ដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
មាត្រា
៦៦.-
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និង ឯកភាពនៅទូទាំងប្រទេស ដែលធានាឱ្យបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការ និងគោលការណ៍សមភាពក្នុងការអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ ស្មើគ្នាក្នុងការកសាងជីវិត។
មាត្រា
៦៧.-
រដ្ឋអនុវត្តកម្មវិធីសិក្សា និង គោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និង ភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឹះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រា
៦៨.-
រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម និង មធ្យមសិក្សានៅសាលារៀនសាធារណៈសំរាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។
ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច ប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និង លើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រា
៦៩.-
រដ្ឋមានកាតព្វកិច្ចថែរក្សា និង ពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និង ពង្រីកភាសាខ្មែរ ឱ្យសមស្របនឹងសេចក្ដីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និង ការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។
មាត្រា
៧០.-
បទល្មើសទាំងឡាយដែលប៉ះពាល់ ឬទាក់ទងនឹងបេតិកភណ្ឌវប្បធម៌ និង បេតិកភណ្ឌសិល្បៈ ត្រូវផ្ដន្ទាទោសជាទម្ងន់។
មាត្រា
៧១.-
បរិវេណបេតិកភណ្ឌជាតិ ក៏ដូចជាបេតិកភណ្ឌ ដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹត ដែលមិនឱ្យមានសកម្មភាពយោធា។
មាត្រា
៧២.-
សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និង ព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និង មន្ទីរសម្ភពសាធារណៈ។
រដ្ឋរៀបចំឱ្យមានគិលានដ្ឋាន និង មន្ទីរសម្ភពដល់ជនបទ។
មាត្រា
៧៣.-
រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និង មាតា។ រដ្ឋរៀបចំឱ្យមានទារកដ្ឋាន និង ជួយឧបត្ថម្ភនារី ដែលមានកូនច្រើនក្នុងបន្ទុក ហើយឥតទីពឹង។
មាត្រា
៧៤.-
រដ្ឋជួយឧបត្ថម្ភជនពិការ និង ដល់គ្រួសារយុទ្ធជន ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រា
៧៥.-
រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គមដល់កម្មករ
និង និយោជិត។
No comments:
Post a Comment