Sunday, December 27, 2020

អំពើរំលោភលើលំនៅឋានអ្នកដទៃ មានទោសដូចម្ដេច?

 

អំពើរំលោភលើលំនៅឋានអ្នកដទៃ មានទោសដូចម្ដេច?

អត្ថបទដោយ៖ នូ ចន្ថា

សិទ្ធិលំនៅឋាន គឺជាសិទ្ធិសំខាន់មួយ ក្នុងចំណោមសិទ្ធិមូលដ្ឋានដទៃទៀត ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ និងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ។

មាត្រា ១២ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស បានចែងថា៖ គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្ដក្នុងជីវិតឯកជន គ្រួសារ ទី លំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារពីច្បាប់ ប្រឆាំងនឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។

            ដូចគ្នាដែរ មាត្រា ៥០ កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ បានចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន ។

ត្រង់នេះមានន័យថា មិនមាននរណាម្នាក់អាចចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ ដោយបំពានបានឡើយ ។ បុគ្កលគ្រប់រូបអាចចូលក្នុងលំនៅឋានរបស់អ្នកដទៃបាន លុះត្រាតែមានការអនុញ្ញាតពីម្ចាស់លំនៅឋាននោះ ឬមានការអនុញ្ញាតដោយច្បាប់ ។

មាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានចែងថា៖ អំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកល ចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ២ លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

ចំណែកមាត្រា ៣០០ នៃក្រមដដែល ចែងថា៖ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងារ របស់ខ្លួន ចូលទៅក្នុងលំនៅឋាន របស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះ ទេនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

No comments:

Post a Comment