Tuesday, December 29, 2020

ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី?

ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី?

អត្ថបទដោយ៖ នូ ចន្ថា 

            ដើម្បីចូលរៀនវិជ្ជាជីវៈមេធាវីបាន និស្សិត ឬសាធារណជនដែលមានសញ្ញាបត្រនីតិសាស្ត្រ ត្រូវធ្វើការប្រឡងប្រជែង ក្រោមការរៀបចំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

            អ្វីដែលនិស្សិត ឬសាធារណជន ត្រូវត្រៀមដើម្បី អាចប្រឡង និងប្រឡងជាប់នោះ មានពីរគឺ ទី១៖ លក្ខណៈសម្បត្តិដើម្បីបំពេញលក្ខខណ្ឌនីតិវិធី និង ទី២៖ លក្ខណៈសម្បត្តិចំណេះដឹងដើម្បីប្រគួតប្រជែង ។

            ចំពោះលក្ខណៈសម្បត្តិទី ១ ដែលបេក្ខជន ត្រូវបំពេញ គឺ នៅពេលដែលគណៈមេធាវី ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី បេក្ខជនត្រូវទិញពាក្យ ឬទាញយកពាក្យមកបំពេញ និងដាក់ពាក្យតាមនីតិវិធីកំណត់ ។

            ក្នុងដំណាក់កាលនេះ បេក្ខជនត្រូវត្រៀម និងបំពេញឯកសារមួយចំនួនដូចជា ១- ប្រវត្តិរូប និងរូបថត (ទំហំ ៤x៦)  ២ សន្លឹក ២- សេចក្ដីចម្លងសញ្ញាបត្របរិញ្ញានីតិសាស្ត្រ ឬសញ្ញាបត្របរិញ្ញានីតិសាស្ត្របណ្ដោះអាសន្ន ១ ច្បាប់ ៣- ព្រឹត្តិបត្រថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ ១ ច្បាប់ ៤- សេចក្ដីចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ១ ច្បាប់ ៥- កិច្ចសន្យាផ្ទាល់ខ្លួន (បំពេញក្នុងទម្រង់ដែលផ្ដល់ដោយគណៈមេធាវី) ១ ច្បាប់ ៦- បង្កាន់ដៃទទួលពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី (បំពេញក្នុងទម្រង់ដែលផ្ដល់ដោយគណៈមេធាវី ) ១ ច្បាប់ ។

ចំណែកលក្ខណៈសម្បត្តិទី២ គឺចំណេះដឹង ដែលបេក្ខជនត្រូវត្រៀមខ្លួនជាមុន លើមុខវិជ្ជាសំខាន់ៗដូចជា នីតិរដ្ឋប្បវេណី នីតិព្រហ្មទណ្ឌ និងមុខវិជ្ជាផ្សេងៗទៀតដូចជា នីតិរដ្ឋធម្មនុញ្ញ  នីតិពាណិជ្ជកម្ម នីតិការងារ នីតិរដ្ឋបាល ជាដើម ។

ការប្រឡង ចែកចេញជាពីរវគ្គ គឺវគ្គប្រឡងសរសេរ និងវគ្គប្រឡងផ្ទាល់មាត់នៅពេលប្រឡងសរសេរជាប់ ។

វគ្គប្រឡងសរសេរ ផ្ដោតលើមុខវិជ្ជាសំខាន់ៗ ទាំងពីរខាងលើ គឺ នីតិព្រហ្មទណ្ឌ និងនីតិរដ្ឋប្បវេណី ដោយក្នុងមួយមុខវិជ្ជាប្រឡងចំនួន ៣ ម៉ោង ។

នៅពេលប្រឡងនីតិព្រហ្មទណ្ឌ ជាទូទៅនឹងមានសំណួរពីរប្រភេទ គឺសំណួរដែលផ្ដោតលើច្បាប់សារធាតុ (ក្រមព្រហ្មទណ្ឌ) និងសំណួរដែលផ្ដោតលើច្បាប់នីតិវិធី (ក្រមនីតិវិធីព្រហ្មទណ្ឌ) ។

ឧទាហរណ៍ នៅឆ្នាំ ២០១៤ មុខវិជ្ជានីតិព្រហ្មទណ្ឌ មានប្រធានសំណួរពីរ ដែលប្រធានទីមួយ ផ្ដោតលើច្បាប់សារធាតុ និងប្រធានទីពីរ ផ្ដោតលើច្បាប់នីតិវិធី ។ ប្រធានទី ១ ឱ្យបេក្ខជន៖ ប្រៀបធៀបបទឃាតកម្ម និងឃាតកម្មគិតទុកជាមុនចំណែកប្រធានទី ២ ឱ្យបេក្ខជនពន្យល់ ៖ មូលដ្ឋានគ្រឹះនៃការស៊ើបអង្កេតករណីជាក់ស្ដែង និងកិច្ចស៊ើបសួរជាក់ស្ដែង

ដូចគ្នាដែរ ចំពោះមុខវិជ្ជានីតិរដ្ឋប្បវេណី ក៏ចែកសំណួរជាពីរ ដោយផ្ដោតលើច្បាប់សារធាតុ (ក្រមរដ្ឋប្បវេណី) និងច្បាប់នីតិវិធី (ក្រមនីតិវិធីរដ្ឋប្បវេណី) ផងដែរ ។

ឧទាហរណ៍ វិញ្ញាសារ ឆ្នាំ ២០១៤

I.                    (ផ្នែកច្បាប់សារធាតុ)

១- ប្រៀបធៀបអត្ថន័យនៃច្បាប់ស្ដីពីសិទ្ធិប្រត្យ័ក្ស និងច្បាប់ស្ដីពីសិទ្ធិប្រាតិភោគប្រត្យ័ក្ស (អាចលើកឧទាហរណ៍បញ្ជាក់)

២- ពន្យល់ ក្រមរដ្ឋប្បវេណីក្នុងឋានៈជាច្បាប់មូលដ្ឋាន នៃនីតិឯកជន

II. (ច្បាប់នីតិវិធី)

១- ការបញ្ចប់វិវាទរដ្ឋប្បវេណីដោយការសះជា តើមានផលប្រយោជន៍យ៉ាងណាខ្លះចំពោះភាគី? ចូរពន្យល់ ។

២- អ្នកធ្វើការផ្សះផ្សា សម្រុះសម្រុះសម្រួល ត្រូវមានវិធីសាស្ត្រ ដូចម្ដេចខ្លះ  ដើម្បីមានលទ្ធភាពអាចឱ្យភាគីបានសះជាបញ្ចប់វិវាត ទទួលបានបរិមាណខ្ពស់ ? ពន្យល់ ។

ចំពោះការប្រឡងដោយផ្ទាល់មាត់វិញ​ បេក្ខជន ត្រូវចាប់ឆ្នោតត្រូវមុខវិជ្ជាណា ប្រឡងផ្ទាល់មាត់ ចំពោះមុខវិជ្ជានោះ ។ ចំពោះសំណួរឆ្លើយផ្ទាល់មាត់ ក៏ត្រូវចាប់ឆ្នោត និងមានពេលដើម្បីត្រៀមឆ្លើយសំណួរដែលចាប់បានផងដែរ ។  

 

សូមទស្សនាវីដេអូខាងក្រោម៖ 


No comments:

Post a Comment