Tuesday, December 29, 2020

ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី?

ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី?

អត្ថបទដោយ៖ នូ ចន្ថា 

            ដើម្បីចូលរៀនវិជ្ជាជីវៈមេធាវីបាន និស្សិត ឬសាធារណជនដែលមានសញ្ញាបត្រនីតិសាស្ត្រ ត្រូវធ្វើការប្រឡងប្រជែង ក្រោមការរៀបចំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

            អ្វីដែលនិស្សិត ឬសាធារណជន ត្រូវត្រៀមដើម្បី អាចប្រឡង និងប្រឡងជាប់នោះ មានពីរគឺ ទី១៖ លក្ខណៈសម្បត្តិដើម្បីបំពេញលក្ខខណ្ឌនីតិវិធី និង ទី២៖ លក្ខណៈសម្បត្តិចំណេះដឹងដើម្បីប្រគួតប្រជែង ។

            ចំពោះលក្ខណៈសម្បត្តិទី ១ ដែលបេក្ខជន ត្រូវបំពេញ គឺ នៅពេលដែលគណៈមេធាវី ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី បេក្ខជនត្រូវទិញពាក្យ ឬទាញយកពាក្យមកបំពេញ និងដាក់ពាក្យតាមនីតិវិធីកំណត់ ។

            ក្នុងដំណាក់កាលនេះ បេក្ខជនត្រូវត្រៀម និងបំពេញឯកសារមួយចំនួនដូចជា ១- ប្រវត្តិរូប និងរូបថត (ទំហំ ៤x៦)  ២ សន្លឹក ២- សេចក្ដីចម្លងសញ្ញាបត្របរិញ្ញានីតិសាស្ត្រ ឬសញ្ញាបត្របរិញ្ញានីតិសាស្ត្របណ្ដោះអាសន្ន ១ ច្បាប់ ៣- ព្រឹត្តិបត្រថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ ១ ច្បាប់ ៤- សេចក្ដីចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ១ ច្បាប់ ៥- កិច្ចសន្យាផ្ទាល់ខ្លួន (បំពេញក្នុងទម្រង់ដែលផ្ដល់ដោយគណៈមេធាវី) ១ ច្បាប់ ៦- បង្កាន់ដៃទទួលពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី (បំពេញក្នុងទម្រង់ដែលផ្ដល់ដោយគណៈមេធាវី ) ១ ច្បាប់ ។

ចំណែកលក្ខណៈសម្បត្តិទី២ គឺចំណេះដឹង ដែលបេក្ខជនត្រូវត្រៀមខ្លួនជាមុន លើមុខវិជ្ជាសំខាន់ៗដូចជា នីតិរដ្ឋប្បវេណី នីតិព្រហ្មទណ្ឌ និងមុខវិជ្ជាផ្សេងៗទៀតដូចជា នីតិរដ្ឋធម្មនុញ្ញ  នីតិពាណិជ្ជកម្ម នីតិការងារ នីតិរដ្ឋបាល ជាដើម ។

ការប្រឡង ចែកចេញជាពីរវគ្គ គឺវគ្គប្រឡងសរសេរ និងវគ្គប្រឡងផ្ទាល់មាត់នៅពេលប្រឡងសរសេរជាប់ ។

វគ្គប្រឡងសរសេរ ផ្ដោតលើមុខវិជ្ជាសំខាន់ៗ ទាំងពីរខាងលើ គឺ នីតិព្រហ្មទណ្ឌ និងនីតិរដ្ឋប្បវេណី ដោយក្នុងមួយមុខវិជ្ជាប្រឡងចំនួន ៣ ម៉ោង ។

នៅពេលប្រឡងនីតិព្រហ្មទណ្ឌ ជាទូទៅនឹងមានសំណួរពីរប្រភេទ គឺសំណួរដែលផ្ដោតលើច្បាប់សារធាតុ (ក្រមព្រហ្មទណ្ឌ) និងសំណួរដែលផ្ដោតលើច្បាប់នីតិវិធី (ក្រមនីតិវិធីព្រហ្មទណ្ឌ) ។

ឧទាហរណ៍ នៅឆ្នាំ ២០១៤ មុខវិជ្ជានីតិព្រហ្មទណ្ឌ មានប្រធានសំណួរពីរ ដែលប្រធានទីមួយ ផ្ដោតលើច្បាប់សារធាតុ និងប្រធានទីពីរ ផ្ដោតលើច្បាប់នីតិវិធី ។ ប្រធានទី ១ ឱ្យបេក្ខជន៖ ប្រៀបធៀបបទឃាតកម្ម និងឃាតកម្មគិតទុកជាមុនចំណែកប្រធានទី ២ ឱ្យបេក្ខជនពន្យល់ ៖ មូលដ្ឋានគ្រឹះនៃការស៊ើបអង្កេតករណីជាក់ស្ដែង និងកិច្ចស៊ើបសួរជាក់ស្ដែង

ដូចគ្នាដែរ ចំពោះមុខវិជ្ជានីតិរដ្ឋប្បវេណី ក៏ចែកសំណួរជាពីរ ដោយផ្ដោតលើច្បាប់សារធាតុ (ក្រមរដ្ឋប្បវេណី) និងច្បាប់នីតិវិធី (ក្រមនីតិវិធីរដ្ឋប្បវេណី) ផងដែរ ។

ឧទាហរណ៍ វិញ្ញាសារ ឆ្នាំ ២០១៤

I.                    (ផ្នែកច្បាប់សារធាតុ)

១- ប្រៀបធៀបអត្ថន័យនៃច្បាប់ស្ដីពីសិទ្ធិប្រត្យ័ក្ស និងច្បាប់ស្ដីពីសិទ្ធិប្រាតិភោគប្រត្យ័ក្ស (អាចលើកឧទាហរណ៍បញ្ជាក់)

២- ពន្យល់ ក្រមរដ្ឋប្បវេណីក្នុងឋានៈជាច្បាប់មូលដ្ឋាន នៃនីតិឯកជន

II. (ច្បាប់នីតិវិធី)

១- ការបញ្ចប់វិវាទរដ្ឋប្បវេណីដោយការសះជា តើមានផលប្រយោជន៍យ៉ាងណាខ្លះចំពោះភាគី? ចូរពន្យល់ ។

២- អ្នកធ្វើការផ្សះផ្សា សម្រុះសម្រុះសម្រួល ត្រូវមានវិធីសាស្ត្រ ដូចម្ដេចខ្លះ  ដើម្បីមានលទ្ធភាពអាចឱ្យភាគីបានសះជាបញ្ចប់វិវាត ទទួលបានបរិមាណខ្ពស់ ? ពន្យល់ ។

ចំពោះការប្រឡងដោយផ្ទាល់មាត់វិញ​ បេក្ខជន ត្រូវចាប់ឆ្នោតត្រូវមុខវិជ្ជាណា ប្រឡងផ្ទាល់មាត់ ចំពោះមុខវិជ្ជានោះ ។ ចំពោះសំណួរឆ្លើយផ្ទាល់មាត់ ក៏ត្រូវចាប់ឆ្នោត និងមានពេលដើម្បីត្រៀមឆ្លើយសំណួរដែលចាប់បានផងដែរ ។  

 

សូមទស្សនាវីដេអូខាងក្រោម៖ 


គម្រោងលក់បែបពីរ៉ាមីដ ខុសច្បាប់ដែរឬទេ? Is Pyramid Scheme Illegal?

 

គម្រោងលក់បែបពីរ៉ាមីដ

អត្ថបទដោយ៖ នូ ចន្ថា

គម្រោងលក់បែបពីរ៉ាមីដ (Pyramid Scheme) គឺជាប្រព័ន្ធរកប្រាក់ចំណូលដោយមិនសុចរិតមួយ ដែលតម្រូវឱ្យជ្រើសរើសសមាជិកថ្មីចូលមិនចេះអស់មិនចេះហើយ ដើម្បីទទួលបានជោគជ័យ ។ ក្នុងប្រព័ន្ធនេះ នៅពេលបុគ្គល ត្រូវណែនាំឱ្យចូលក្នុងប្រព័ន្ធ គាត់ត្រូវបង់ប្រាក់ឱ្យអ្នកនាំគាត់ចូល ហើយដើម្បីបានប្រាក់ជំណូល គាត់ត្រូវជ្រើសអ្នកថ្មីផ្សេងៗទៀតឱ្យចូលក្នុងប្រព័ន្ធនេះ ។[1]

នៅពេលសមាជិកថ្មីចូលមកក្នុងគម្រោងនេះ នឹងបន្តផ្សព្វផ្សាយជ្រើសរើស សមាជិកផ្សេងៗទៀត ក្នុងទម្រង់ដដែលជាបន្តបន្ទាប់ ដើម្បីទទួលបានកម្រៃ ។

            ប្រទេសជាច្រើននៅលើពិភពលោក ចាត់ទុកគម្រោងលក់បែបពីរ៉ាមីដ បែបនេះជាអំពើខុសច្បាប់ ។ ជាការពិត គម្រោងបែបនេះខុសច្បាប់ព្រោះថា កម្រៃដែលទទួលបានពីគម្រោងនេះ ជាទូទៅ កើតចេញពីការបង់ថ្លៃចុះឈ្មោះចូលរួមក្រុម មិនមែនផ្អែកលើការលក់ផលិតផល ឬសេវានោះទេ ​។

            ស្រដៀងគ្នានេះ មានយុទ្ធសាស្ត្រមួយផ្សេងទៀតឈ្មោះថា ទីផ្សារបណ្ដាញ (Multi-Level Marketing)” ដែលជាប្រភេទមួយនៃទម្រង់ពីរ៉ាមីដដែរប៉ុន្តែជាសកម្មភាពលក់ផលិតផលឬសេវាពិតប្រាកដ ។ ទីផ្សារបណ្ដាញដែលលក់ផលិតផល ឬសេវាពិតប្រាកដមួយចំនួន គេមិនចាត់ជាខុសច្បាប់ឡើយ ប៉ុន្តែទីផ្សារបណ្ដាញមួយចំនួនទៀត ក៏ត្រូវបានចាត់ទុកថាខុសច្បាប់ផងដែរ ។  

            ម្យ៉ាងទៀត ទីផ្សារបណ្ដាញ ក៏អាចប្រឈមមុខនឹងច្បាប់ដែរ ប្រសិនបើ ទំនិញ ឬសេវា ដែលជាកម្មវត្ថុនៃការលក់ឱ្យអតិថិជននោះជាទំនិញ ឬសេវាខុសច្បាប់ឬទំនិញដែលមិនមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច ។

ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ នៃព្រះរាជាណាចក្រកម្ពុជា​ដែលប្រកាសឱ្យប្រើថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ មាត្រា ២០ កថាខណ្ឌទី១ ចែងថា ៖ បុគ្គលណាមួយ មិនត្រូវជំរុញ ឬប្រតិបត្តិគម្រោងលក់បែបពីរ៉ាមីដឡើយ ។ ចំណែកកថាខណ្ឌទី ២ នៃមាត្រា ខាងលើ បានឱ្យនិយមន័យ គម្រោងលក់បែបពីរ៉ាមីដ នេះ ។

ច្បាប់ស្ដីពីកិច្ចពារអ្នកប្រើប្រាស់ ខាងលើ បានប្រើពាក្យ អំពើលក់បែបពីរ៉ាមីដ ឬការលក់ដែលភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត សំដៅដល់សកម្មភាព ដែលសកម្មភាពដែលល្មើសច្បាប់ ។

មាត្រា ៤៥ នៃច្បាប់ដដែលចែងថា៖ ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៨០លានរៀល ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត ។

ចំណែកមត្រា ៤៦ ចែងថា ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរ ៦ខែ ទៅ ២ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១ លានរៀល ទៅ៤លានរៀល ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត ហើយដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់

ជាចុងក្រោយ មាត្រា ៤៧ ចែងថា ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញ ដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត ដែលបណ្ដាលឱ្យមានពិការភាពអចិន្ត្រៃយ៍ ឬបណ្ដាលឱ្យបាត់បង់អាយុជីវិត

លោកអ្នកអាចទស្សនាវីដេអូខាងក្រោមអំពីគម្រោងលក់បែបពីរ៉ាមីដ៖ 



 



[1] USLEGAL.COM, Pyramid Scheme Law and Legal Definition, available at: https://definitions.uslegal.com/p/pyramid-scheme/

Monday, December 28, 2020

តាវកាលិកមានន័យដូចម្ដេច?

តាវកាលិកមានន័យដូចម្ដេច ?



          ពាក្យតាវកាលិក ត្រូវបានប្រើប្រាស់ជាច្រើននៅក្នុងវិស័យច្បាប់ការងារ រដ្ឋប្បវេណី និងច្បាប់ផ្សេងទៀត ។ តើតាមពិត ពាក្យនេះមានន័យយ៉ាងដូចម្ដេចនោះ វីដេអូនេះនឹងដកស្រង់សេចក្ដីពន្យល់នានាជូន ។

          តាមន័យដើម ដែលកំណត់នៅក្នុងវចនានុក្រមខ្មែរ ពាក្យតាវកាលិកនេះ ប្រើជានាមសព្ទ សំដៅដល់វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើង ឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លី ឬក៏ក្នុងកាលមានកម្រឹត; របស់ខ្ចីគេ ។

វចនានុក្រមខាងលើ បានបន្ថែមថា ពាក្យតាវកាលិក អាចប្រើជាគុណនាមក៏បាន ។ ឧទាហរណ៍របស់ជាតាវកាលិក ។

សទ្ទានុក្រមច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ដោយ ទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ ២០០៧ បានពន្យល់ពាក្យតាវកាលិក (Prestation) ថាជាវត្ថុ ឬសកម្មភាពដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច ។

សទ្ទានុក្រមនេះ បានលើកឧទាហរណ៍ថា តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឱ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុ ទៅឱ្យអ្នកទិញ ។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានឱ្យនិយមន័យ តាវកាលិកថា គឺជាប្រាក់ វត្ថុ ឬសេវា ដែលត្រូវផ្ដល់ឱ្យដល់សមាជិក ប.ស.ស នៅពេលចាស់ជរា ទុព្វលភាព (ទ្រុឌទ្រោម) និងនៅពេលទទួលរងហានិភ័យការងារ ទៅតាមកាលកំណត់មួយ ។

 

 

         

បន្ទាត់មូលដ្ឋាន

 

អត្ថបទជំនួយស្មារតី អំពី បន្ទាត់មូលដ្ឋាន

អត្ថបទដោយ៖ នូ ចន្ថា

បន្ទាត់មូលដ្ឋាន គឺជាចំណុចចាប់ផ្ដើមនៃការកំណត់ ដែនសមុទ្ទរបស់រដ្ឋឆ្នេរសមុទ្ទ ពោលគឺដើម្បីកំណត់ដែនទឹកផ្ទៃក្នុង សមុទ្ទដែនដី សមុទ្ទតភ្ជាប់ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ គេត្រូវកំណត់បន្ទាត់មូលដ្ឋានឱ្យបានច្បាស់លាស់ជាមុនសិន។



មានការបែងចែកខុសគ្នាពាក់ព័ន្ធនឹងប្រភេទនៃបន្ទាត់មូលដ្ឋាន នៅក្នុងច្បាប់សមុទ្ទ។ មតិទី១៖ បែងចែកបន្ទាត់មូលដ្ឋានជាពីរប្រភេទ គឺបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។ មតិទី២៖ បែងចែកបន្ទាត់មូលដ្ឋានជាបីប្រភេទ គឺ បន្ទាត់មូលដ្ឋានធម្មតា បន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ។

បន្ទាត់មូលដ្ឋានធម្មតា គឺជាខ្សែបន្ទាត់ទឹកនាច មានន័យថាគេកំណត់បន្ទាត់មូលដ្ឋានរបស់រដ្ឋឆ្នេរសមុទ្ទមួយ ដោយយកចំណុចខ្សែទឹកនាចជាគោល។

ចំណែកបន្ទាត់មូលដ្ឋានត្រង់វិញ គឺជាបន្ទាត់ដែលគេគូសភ្ជាប់ចំណុចចុងសមស្របណាមួយ ក្នុងករណីដែលការគូសបន្ទាត់មូលដ្ឋានមិនអាចធ្វើបាន ដោយសារកត្តាភូមិសាស្ត្រ ឬកត្តាដទៃទៀត។

រីឯបន្ទាត់មូលដ្ឋានប្រជុំកោះវិញ គឺជាបន្ទាត់មូលដ្ឋានត្រង់ដែលគេភ្ជាប់ចំណុចចុងសមស្របនៃកោះនានា របស់រដ្ឋប្រជុំកោះ។

មាត្រា៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទ ឆ្នាំ១៩៨២ បានកំណត់ថា ខ្សែបន្ទាត់មូលដ្ឋានធម្មតារបស់រដ្ឋបង្កើតឡើងដោយ ខ្សែបន្ទាត់ទឹកនាច តាមបណ្ដោយឆ្នេរ ដែលកំណត់នៅក្នុងផែនទីខ្នាតធំ ទទួលស្គាល់ដោយរដ្ឋឆ្នេរសមុទ្ទ។

ខ្សែបន្ទាត់ទឹកនាច គឺផ្អែកទៅលើទិន្នន័យបន្ទាត់បញ្ឈរ (Verticle Datum)។ ទិន្នន័យបន្ទាត់បញ្ឈរ ប្រើសម្រាប់វាស់ទិន្នន័យជម្រៅ និងកម្ពស់ ដូចជា ជម្រៅ និងកម្ពស់ទឹកនាច ឬទឹកជោរ។

នៅក្នុងករណីពិសេសណាមួយ ផ្អែកលើលក្ខណៈភូមិសាស្ត្រ ជាអាទិ៍ ច្បាប់អន្តរជាតិ បានអនុញ្ញាតឱ្យរដ្ឋគូសខ្សែបន្ទាត់មូលដ្ឋានត្រង់ ភ្ជាប់ជាមួយនឹងបន្ទាត់មូលដ្ឋានធម្មតា កាត់ត្រង់តាមចំណុចជ្រើសរើសមួយចំនួន នៃឆ្នេរសមុទ្ទរបស់ខ្លួន។

វិធានទាក់ទងនឹងបន្ទាត់មូលដ្ឋានត្រង់ មានចែងនៅក្នុងមាត្រា៤ នៃអនុសញ្ញាឆ្នាំ១៩៥៨ ក៏ដូចជានៅក្នុងមាត្រា៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទផងដែរ។

អនុសញ្ញាច្បាប់សមុទ្ទ មាត្រា៩ បានចែងថា នៅពេលដែលទន្លេ ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្ទ បន្ទាត់មូលដ្ឋាន គួរតែជាបន្ទាត់ត្រង់ កាត់មាត់ទន្លេ រវាងចំណុចនៅលើខ្សែទឹកនាច នៃច្រាំងទន្លេនោះ

មាត្រា១០ (២) នៃអនុសញ្ញាច្បាប់សមុទ្ទ បានចែងថា ឆកសមុទ្ទគឺជាផ្នែករឆេងរឆូងដែលកំណត់ច្បាស់ ដែលលយចូលទៅដីគោក មានទំហំស្មើនឹងទទឹងនៃមាត់ឆកសមុទ្ទ ដើម្បីបង្កើតជាផ្ទៃទឹកមានដីគោកព័ទ្ធ និងបង្កើតជាកំណោងនៃឆ្នេរសមុទ្ទ។

នៅពេលដែលដែនទឹក ឬឆកមួយត្រូវបានគេទទួលស្គាល់ថាជាដែនទឹក ឬឆកប្រវត្តិសាស្ត្រ នោះរដ្ឋអាចគូសបន្ទាត់មូលដ្ឋានត្រង់ដើម្បីក្ដោបយកដែនទឹក ឬឆកនោះបាន។

បន្ទាត់មូលដ្ឋានសមុទ្ទដែនដី មានភាពខុសគ្នាដោយឡែកទៅ នឹងបន្ទាត់មូលដ្ឋានប្រជុំកោះ។ ជាមូលដ្ឋានសម្រាប់ការអះអាងបន្ទាត់មូលដ្ឋានប្រជុំកោះរបស់រដ្ឋ មាត្រា៤៧ (១) បានកំណត់ថា រដ្ឋប្រជុំកោះ អាចគូសបន្ទាត់មូលដ្ឋានដោយភ្ជាប់ចំណុចខាងក្រៅបំផុតនៃកោះខាងក្រៅបំផុត និងថ្មប៉ប្រះទឹកស្ងួតនៃប្រជុំកោះនោះ

សូមអរគុណ! សូមចូលទស្សនាវីដេអូច្បាប់ផ្សេងៗ នៅក្នុងឆាណែល
  
LAW AUDIO: https://www.youtube.com/channel/UCYOi6sqSxULXMYtgFwUelpw 

សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត។ 

ចូលរួមក្រុមតេឡេក្រាម៖ https://t.me/lawaudio_kh

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីដំណក់ប្រេងដំបូងរបស់កម្ពុជា


  នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងទំព័រហ្វេសប៊ុក របស់លោក ថា៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។


សម្ដេចបានបន្តថា ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

 

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖

  •  ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។

  • កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០២០ ។

អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។






Sunday, December 27, 2020

អំពើរំលោភលើលំនៅឋានអ្នកដទៃ មានទោសដូចម្ដេច?

 

អំពើរំលោភលើលំនៅឋានអ្នកដទៃ មានទោសដូចម្ដេច?

អត្ថបទដោយ៖ នូ ចន្ថា

សិទ្ធិលំនៅឋាន គឺជាសិទ្ធិសំខាន់មួយ ក្នុងចំណោមសិទ្ធិមូលដ្ឋានដទៃទៀត ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ និងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស ។

មាត្រា ១២ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស បានចែងថា៖ គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្ដក្នុងជីវិតឯកជន គ្រួសារ ទី លំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងកេរ្ដិ៍ឈ្មោះរបស់ខ្លួនបានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារពីច្បាប់ ប្រឆាំងនឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។

            ដូចគ្នាដែរ មាត្រា ៥០ កថាខណ្ឌទី ២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ បានចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន ។

ត្រង់នេះមានន័យថា មិនមាននរណាម្នាក់អាចចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ ដោយបំពានបានឡើយ ។ បុគ្កលគ្រប់រូបអាចចូលក្នុងលំនៅឋានរបស់អ្នកដទៃបាន លុះត្រាតែមានការអនុញ្ញាតពីម្ចាស់លំនៅឋាននោះ ឬមានការអនុញ្ញាតដោយច្បាប់ ។

មាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានចែងថា៖ អំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកល ចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ២ លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

ចំណែកមាត្រា ៣០០ នៃក្រមដដែល ចែងថា៖ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងារ របស់ខ្លួន ចូលទៅក្នុងលំនៅឋាន របស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះ ទេនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

Friday, December 25, 2020

បទកំហែងយក

អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយប្រើហិង្សា ការគំរាមកំហែង ថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ហត្ថលេខា ឬស្នាមមេដៃ ការសន្យា ឬការបោះបង់ចោលអ្វីមួយ ការបង្ហាញអាថ៌កំបាំងណាមួយ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ (មាត្រា ៣៦៣ ក្រមព្រហ្មទណ្ឌ) ។

 

អំពើកំហែងយក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០លានរៀល (មាត្រា ៣៦៤ ក្រមព្រហ្មទណ្ឌ) ។

 

អំពើកំហែងយក ដោយមានប្រើប្រាស់អាវុធ ត្រូវជាប់ពន្ធនាគារពី ៧ ឆ្នាំ ទៅ១៥ ឆ្នាំ (មាត្រា ៣៦៦) ។

 

អំពើកំហែងយក ដោយមានការកាត់អវយវ:ឬធ្វើឱ្យជនរងគ្រោះពិការ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ (មាត្រា ៣៦៧) ។

 

អំពើកំហែងយក ដោយប្រើទារុណកម្ម អំពើឃោរឃៅ ឬធ្វើឱ្យជនរងគ្រោះស្លាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ (មាត្រា ៣៦៨ និង មាត្រា ៣៦៩) ។

 

 

 


Thursday, December 24, 2020

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ៖ ជំពូក​ទី​ ១៤​ ថ្មី អំពី​សមាជជាតិ

មាត្រា​ ១៤៧ ថ្មី.-(មាត្រា​ ១២៨​ ចាស់)

សមាជជាតិ​ បើក​ឱ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​ អំពី​កិច្ច​ការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​ និង​សំណូម​ពរ​ជូន​រដ្ឋ​អំណាច​ដោះស្រាយ។

ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​ មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជជាតិ។

មាត្រា​ ១៤៨​ ថ្មី.- (មាត្រា​ ១២៩​ ចាស់)

សមាជជាតិ​ ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​ នៅ​ដើម​ខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។

សមាជជាតិ​ ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជាធិបតីភាព​ នៃ​ព្រះមហាក្សត្រ។

មាត្រា​ ១៤៩​ ថ្មី.-

សមាជជាតិ​ អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋ​អំណាច​ពិចារណា។

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

 

 


រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ៖ ជំពូក​ទី​ ១៣​ ថ្មី អំពី​ការ​គ្រប់គ្រង​រដ្ឋបាល

មាត្រា​ ១៤៥​ ថ្មី​ (មួយ).-

ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ជា​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់។ 

មាត្រា​ ១៤៦​ ថ្មី​ (មួយ).-

រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ត្រូវ​គ្រប់​គ្រង​តាម​ល័ក្ខខ័ណ្ឌ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​រៀប​ចំ​អង្គការ។

រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ៖ ជំពូក​ទី​ ១២​ ថ្មី​ អំពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ

មាត្រា​ ១៣៦​ ថ្មី.-

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សមត្ថកិច្ច​ធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សិទ្ធិ​ពិនិត្យ​ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាងរាស្ត្រ​ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

មាត្រា​ ១៣៧​ ថ្មី.-(មាត្រា​ ១១៨ ចាស់)

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​ ប្រាំ​បួន​រូប​ ដែល​ទទួល​អាណត្តិ​ប្រាំបួន​ឆ្នាំ។​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំនួន​មួយ​ភាគ​បី​ ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ម្ដង​បី​ឆ្នាំ​ម្ដង។​ សមាជិក​បី​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​បី​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ ហើយ​បី​រូប​ទៀត​ ត្រូវ​តែងតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ប្រធាន​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។​ ប្រធាន​មាន​សម្លេង​ឧត្ដមានុភាព​ ក្នុង​ករណី​បែក​សម្លេង​ជា​ពីរ​ស្មើ​គ្នា។

មាត្រា​ ១៣៨​ ថ្មី.-(មាត្រា​ ១១៩​ ចាស់)

សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ជ្រើសរើស​ក្នុង​ចំណោម​ឥស្សរជន​​ដែល​មាន​សញ្ញាប័ត្រ​ចាប់​ពី​ឧត្ដម​ សិក្សា​ទៅ​ ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​ពិសោធន៍​ច្រើន​ក្នុង​ការងារ។

មាត្រា​ ១៣៩​ ថ្មី.-​

មុខងារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​វិសមិតភាព​នឹង​មុខងារ​សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ សមាជិក​រាជរដ្ឋាភិបាល​ ចៅក្រម​ក្នុង​តំណែង​ ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ​ ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ប្រធាន​ ឬ​អនុប្រធាន​សហជីព។

មាត្រា​ ១៤០​ ថ្មី.-

ព្រះមហាក្សត្រ​ នាយករដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ប្រធាន​ព្រឹទ្ធសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន​អាច​បញ្ជូន​ច្បាប់​ដែល​រដ្ឋសភា​បាន​ អនុម័ត​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ច្បាប់​នោះ​ត្រូវ​ប្រកាស​ឱ្យ​ប្រើ។

បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​ និង​ច្បាប់​រៀបចំ​អង្គការ​ទាំងឡាយ​ ត្រូវ​តែ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ មុន​នឹង​ប្រកាស​ឱ្យ​ប្រើ។​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​សម្រេច​ក្នុង​រយៈពេល​ សាមសិប​ (៣០)​ ថ្ងៃ​យ៉ាង​យូរ​ ថា​តើ​ច្បាប់​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​បទបញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធសភា​ខាង​លើ​ស្រប​ ឬ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។

 មាត្រា​ ១៤១​ ថ្មី.-

ក្រោយ​ពី​ច្បាប់​ណា​មួយ​ ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ ព្រះមហាក្សត្រ​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា​ ចំនួន​មួយ​ភាគ​បួន​ តំណាងរាស្ត្រ​ចំនួន​មួយ​ភាគ​ដប់​ ឬ​តុលាការ​ អាច​សុំ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់ ​នោះ។

ប្រជារាស្ត្រ​មាន​សិទ្ធិ​ប្ដឹង​អំពី​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​បាន​ តាម​រយៈ​តំណាងរាស្ត្រ​ ឬ​ ប្រធាន​រដ្ឋសភា​ ឬ​សមាជិក​ព្រឹទ្ធសភា​ ឬ​ប្រធាន​ព្រឹទ្ធសភា​ដូច​មាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​ខាងលើ។

មាត្រា​ ១៤២ ថ្មី.-(មាត្រា​ ១២៣​ ចាស់)

បទប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្ត​បាន​ឡើយ ។

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ជា​សេចក្ដី​សម្រេច​បិទ​ផ្លូវ​តវ៉ា។

មាត្រា​ ១៤៣​ ថ្មី.-(មាត្រា​ ១២៤​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។

មាត្រា​ ១៤៤​ ថ្មី.-(មាត្រា​ ១២៥​ ចាស់)

ច្បាប់​រៀបចំ​អង្គការ​មួយ​នឹង​កំណត់​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣៖ ជំពូក​ទី​ ១១​ ថ្មី​ អំពី​អំណាច​តុលាការ​

មាត្រា​ ១២៨​ ថ្មី​.-(មាត្រា​ ១០៩​ ចាស់)

អំណាច​តុលាការ​ ជា​អំណាច​ឯករាជ្យ។

អំណាច​តុលាការ​ ធានា​រក្សា​អនាគតិ​ និង​ ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

អំណាច​តុលាការ​ គ្រប​ដណ្ដប់​ទៅ​លើ​រឿង​ក្ដី​ទាំងអស់​ រួម​ទាំង​រឿង​ក្ដី​រដ្ឋបាល​ផង។

អំណាច​នេះ​ ត្រូវ​ប្រគល់​ឱ្យ​តុលាការ​កំពូល​ និង​សាលា​ជម្រះ​ក្ដី​គ្រប់​ផ្នែក​ និង​គ្រប់​ជាន់​ថ្នាក់។

មាត្រា​ ១២៩​ ថ្មី.-(មាត្រា​ ១១០​ ចាស់)

ការ​ជម្រះ​ក្ដី​ផ្ដល់​យុត្តិធម៌​ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ​ តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន។

មាន​តែ​ចៅក្រម​ទេ​ដែល​មាន​សិទ្ធិ​ជម្រះ​ក្ដី។​ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ និង​ឱ្យ​អស់​ពី​ដួង​ចិត្ត​ និង​សម្បជញ្ញៈ​របស់​ខ្លួន។

មាត្រា​ ១៣០​ ថ្មី.-​(មាត្រា​ ១១១​ ចាស់)

គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ ។ 

មាត្រា​ ១៣១​ ថ្មី​.- (មាត្រា​ ១១២​ ចាស់)

មាន​តែ​អង្គការ​អយ្យការ​ទេ​ ដែល​មាន​សិទ្ធិ​ធ្វើ​បណ្ដឹង​អាជ្ញា។

មាត្រា​ ១៣២​.-(មាត្រា​ ១១៣​ ចាស់)

ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ។​ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​កិច្ចការ​នេះ។

មាត្រា​ ១៣៣​ ថ្មី​.-(មាត្រា​ ១១៤​ ចាស់)

ចៅក្រម​មិន​អាច​ត្រូវ​គេ​ដក​ពី​មុខងារ​បាន​ទេ។​ ប៉ុន្តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រេច​ដាក់​វិន័យ​លើ​ចៅក្រម​ដែល​បាន​ប្រព្រឹត្ត​ខុស។

មាត្រា​ ១៣៤​ ថ្មី​.-(មាត្រា​ ១១៥​ ចាស់)

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នឹង​ត្រូវ​បង្កើត​ដោយ​ច្បាប់​រៀបចំ​អង្គការ​មួយ​ ដែល​នឹង​កំណត់​សមាសភាព​ និង​មុខងារ ។

ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ស្ថិត​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ។​ ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​អាច​ចាត់តាំង​ព្រះរាជ​តំណាង​ម្នាក់​របស់​ ព្រះអង្គ​ឱ្យ​ធ្វើ​ជា​អធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​លើក​សេចក្ដី​ស្នើ​ថ្វាយ​ ព្រះមហាក្សត្រ​អំពី​ការ​តែងតាំង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​អម​សាលា​ជម្រះ​ក្ដី​ទាំងអស់។

ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្នុង​មុខ​ការ​ដាក់​វិន័យ​ចំពោះ​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ត្រូវ​ប្រជុំ​ក្រោម​អធិបតីភាព​នៃ​ប្រធាន​តុលាការ​កំពូល​ ឬ​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ អាស្រ័យ​ដោយ​ករណី​ទាក់ទង​នឹង​ចៅក្រម​ ឬ​ព្រះរាជអាជ្ញា។

មាត្រា​ ១៣៥​ ថ្មី​.-(មាត្រា​ ១១៦​ ចាស់)

លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ការ​រៀបចំ​អង្គការ​តុលាការ​ នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក​ពី​គ្នា។

រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣៖ ជំពូក​ទី​ ១០​ ថ្មី អំពី​រាជរដ្ឋាភិបាល

មាត្រា ១១៨​ ថ្មី​.-(មាត្រា​ ៩៩​ ចាស់)

គណៈរដ្ឋមន្ត្រី​ ជា​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប​ អម​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជា​សមាជិក។

​មាត្រា ១១៩​ ថ្មី​.-(មាត្រា​ ១០០​ ចាស់)

តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា​​ ព្រះមហាក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុង​​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​ រាជរដ្ឋាភិបាល។ វរជន​​ដែល​ត្រូវ​បាន​​ចាត់​តាំង​នេះ​ នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ​ ឬ​ជា​​សមាជិក​គណបក្ស​តំណាង​​នៅ​ក្នុង​រដ្ឋសភា​ ដែល​ផ្គូរផ្គង​ឱ្យ​កាន់​តំណាង​​ផ្សេងៗ​ ក្នុង​រាជរដ្ឋាភិបាល​ទៅ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋសភា។ កាល​បើ​រដ្ឋសភា​​បាន​បោះ​ឆ្នោត​ទុក​ចិត្ត​ហើយ​នោះ​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ទាំងមូល។

មុន​ចូល​​កាន់​តំណែង​គណៈរដ្ឋមន្ត្រី​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​ ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៦។

មាត្រា ១២០​ ថ្មី​.-(មាត្រា​ ១០១​ ចាស់)

មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល​ មាន​វិសមិតភាព​នឹង​សកម្មភាព​​ខាង​វិជ្ជាជីវៈ​ ផ្នែក​​ពាណិជ្ជកម្ម​ ឬ​ឧស្សាហកម្ម​ ហើយ​និង​ការ​កាន់​តំណែង​ណា​មួយ​ក្នុង​មុខងារ​​សាធារណៈ។

មាត្រា ១២១​ ថ្មី​.-(មាត្រា​ ១០២​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​ទទួល​ខុសត្រូវ​​រួម​គ្នា​ចំពោះ​រដ្ឋសភា​ អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល។

សមាជិក​មួយ​រូបៗ​ នៃ​រាជរដ្ឋាភិបាល​ទទួល​ខុសត្រូវ​រៀង​ខ្លួន​​ចំពោះ​នាយករដ្ឋមន្ត្រី​ និង​ចំពោះ​រដ្ឋសភា​អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

មាត្រា ១២២​ ថ្មី​.-(មាត្រា​ ១០៣​ ចាស់)

សមាជិក​ទាំងឡាយ​ នៃ​រាជរដ្ឋាភិបាល​​មិន​អាច​យក​សំអាង​នៃ​សេចក្ដី​បង្គាប់​​ដោយ​លាយលក្ខណ៍​ អក្សរ​ ឬ​ ដោយ​វាចា​អំពី​នរណា​មួយ​ ដើម្បី​ដោះសា​ឱ្យ​រួច​ខ្លួន​ពី​ការ​ទទួល​​ខុសត្រូវ​របស់​ខ្លួន​បាន​ឡើយ ។

មាត្រា ១២៣​ ថ្មី​.-(មាត្រា​ ១០៤​ ចាស់)

គណៈរដ្ឋមន្ត្រី​ ត្រូវ​ប្រជុំ​រាល់​សប្ដាហ៍​ជា​ប្រជុំ​ធំ​ ឬ​ជា​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ។

អង្គ​ប្រជុំ​ធំ​ ត្រូវ​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រី​អាច​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី​ ដឹក​នាំ​អង្គ​ប្រជុំ​ពិនិត្យ​ស្រាវជ្រាវ​បាន។ កំណត់​ហេតុ​នៃ​អង្គ​ប្រជុំ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ ត្រូវ​​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប។

មាត្រា ១២៤​ ថ្មី​.-(មាត្រា​ ១០៥​ ចាស់)

នាយករដ្ឋមន្ត្រី​ អាច​រំលែក​អំណាច​របស់​ខ្លួន​ឱ្យ​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ឬ​សមាជិក​ណា​មួយ​នៃ​រាជរដ្ឋាភិបាល​បាន។

មាត្រា ១២៥​ ថ្មី​.-(មាត្រា​ ១០៦​ ចាស់)

បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ​ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី​ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ។ បើ​ការ​ទំនេរ​នេះ​ជា​ការ​ទំនេរ​មួយ​កាល​មួយ​គ្រា​ទេ​ ត្រូវ​​ចាត់​តាំង​នាយករដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន។

មាត្រា ១២៦​ ថ្មី​.-(មាត្រា​ ១០៧​ ចាស់)

សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

ក្នុង​ករណី​នេះ​​ និង​ក្នុង​ករណី​ធ្វើ​ខុស​ជា​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ រដ្ឋសភា​​អាច​​សម្រេច​ប្ដឹង​​ទៅ​តុលាការ​មាន​សមត្ថកិច្ច។

រដ្ឋសភា​សម្រេច​ក្នុង​រឿង​នេះ​ ដោយ​វិធី​បោះឆ្នោត​ជា​សម្ងាត់​ តាម​មតិ​ភាគ​ច្រើន​ដាច់ខាត​ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា ១២៧​ ថ្មី​.-(មាត្រា​ ១០៨​ ចាស់)

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ នឹង​ត្រូវ​​កំណត់​ក្នុង​ច្បាប់​មួយ។

រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣៖ ជំពូក​ទី​ ៩​ ថ្មី អំពី​សមាជ​រដ្ឋសភា​ និង​ ព្រឹទ្ធសភា

មាត្រា​ ១១៦ ថ្មី.-​

ក្នុង​ករណី​ចាំបាច់​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ។

មាត្រា​ ១១៧ ថ្មី.-​

បញ្ហា​សំខាន់ៗ​ របស់​ប្រទេស​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១១៦​ ថ្មី​ខាង​លើ​ ព្រម​ទាំង​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ៖ ជំពូក​ទី​ ៨​ ថ្មី​ អំពី​ព្រឹទ្ធសភា

មាត្រា​ ៩៩ ថ្មី.-​

ព្រឹទ្ធសភា​ជា​អង្គការ​ដែល​មាន​​អំណាច​​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​​របស់​ខ្លួន​ ដូច​បាន​កំណត់​​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

ព្រឹទ្ធសភា​មាន​សមាជិក​យ៉ាង​ច្រើន​ ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល។

សមាជិក​ព្រឹទ្ធសភា​ត្រូវ​​ចាត់​តាំង​ខ្លះ​ និង​ត្រូវ​​ជ្រើស​តាំង​​ដោយ​ការ​​បោះឆ្នោត​អ​សកល​ខ្លះ។

សមាជិក​ព្រឹទ្ធសភា​ អាច​ត្រូវ​​បាន​ចាត់តាំង​​ និង​ជ្រើស​តាំង​សា​ជា​ថ្មី​​បាន។ អ្នក​ដែល​មាន​​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ គឺ​​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​​ភេទ​ ដែល​មាន​សិទ្ធិ​​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ៤០​ ឆ្នាំ​ មាន​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត។

មាត្រា​ ១០០ ថ្មី.-​

សមាជិក​ព្រឹទ្ធសភា​ចំនួន​​២​រូប​ ត្រូវ​បាន​ចាត់​តាំង​​ដោយ​ព្រះមហាក្សត្រ។

សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២​រូប​ ត្រូវ​បាន​រដ្ឋសភា​​ជ្រើស​តាំង​តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។

រីឯ​សមាជិក​ព្រឹទ្ធសភា​ឯ​ទៀត​ ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​​អសកល។

មាត្រា​ ១០១ ថ្មី.-​

ការ​រៀបចំ​បែបបទ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​​ចាត់​តាំង​និង​ការ​បោះឆ្នោត​​ជ្រើស​តាំង​សមាជិក​ ព្រឹទ្ធសភា​ ព្រម​ទាំង​ការ​កំណត់​អំពី​អ្នក​បោះឆ្នោត​អង្គ​បោះឆ្នោត​​ និង​ មណ្ឌល​បោះឆ្នោត​ ត្រូវ​ចែង​ក្នុង​ច្បាប់​មួយ។

មាត្រា​ ១០២ ថ្មី.-​

នីតិកាល​របស់​ព្រឹទ្ធសភា​មាន​កំណត់​ ៦​ឆ្នាំ​ ហើយ​ត្រូវ​ផុត​​កំណត់​នៅ​ពេល​ដែល​ ព្រឹទ្ធសភា​ថ្មី​ចូល​កាន់​​តំណែង។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​អាច​ធ្វើ​​ការ​បោះឆ្នោត​កើត​ ព្រឹទ្ធសភា​អាច​ប្រកាស​បន្ត​​នីតិកាល​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​ព្រឹទ្ធសភា​ ត្រូវ​សម្រេច​​ដោយ​មតិ​យល់​ព្រម​ពីរ​ភាគ​បី​យ៉ាង​​តិច​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ក្នុង​កាលៈទេសៈ​ដូច​បាន​​រៀបរាប់​ខាង​លើ​ ព្រឹទ្ធសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ ព្រឹទ្ធសភា​មាន​សិទ្ធិ​សម្រេច​បញ្ចប់​​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​ព្រឹទ្ធសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​​​បរទេស​ចូល​មក​កាន់កាប់​ ទឹកដី​ ការ​ប្រកាស​​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

មាត្រា​ ១០៣ ថ្មី.-​

អាណត្តិ​នៃ​សមាជិក​ព្រឹទ្ធសភា​ មាន​វិសមិតភាព​ជាមួយ​​ការ​បំពេញ​មុខងារ​សាធារណៈ​ជា​សកម្ម​ជាមួយ​មុខងារ​​ជា​ តំណាងរាស្ត្រ​ និង​ ជា​មួយ​​មុខងារ​ជា​សមាជិក​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

មាត្រា​ ១០៤ ថ្មី.-​

សមាជិក​ព្រឹទ្ធសភា​​ មាន​អភ័យ​ឯកសិទ្ធិ​សភា ។

សមាជិក​ព្រឹទ្ធសភា​​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​​ពី​បាន​សំដែង​​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់​ ការ​​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​ នៃ​ព្រឹទ្ធសភា​ នឹង​​អាច​ធ្វើ​​ទៅ​កើត​លុះ​ត្រា​តែ​​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ឬ​ពី​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ក្នុង​​ចន្លោះ​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា​ វៀរលែង​​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ព្រឹទ្ធសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

ក្នុង​ករណី​ទាំង​អស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​​បើ​ព្រឹទ្ធសភា​បាន​បញ្ចេញ​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​ បួន​ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

មាត្រា​ ១០៥ ថ្មី.-​

ព្រឹទ្ធសភា​ មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។

សមាជិក​ព្រឹទ្ធសភា​ ត្រូវ​ទទួល​​ប្រាក់​បំណាច់។

​មាត្រា ១០៦​ ថ្មី​ (មួយ)​.-

ព្រឹទ្ធសភា​​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ ព្រឹទ្ធសភា​​ត្រូវ​ប្រកាស​សុពលភាព​ នៃ​អាណត្តិ​​របស់​សមាជិក​នីមួយៗ​ និង​ត្រូវ​​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​​នូវ​ប្រធាន​ អនុប្រធាន​ ព្រឹទ្ធសភា​ និង​ សមាជិក​ទាំងអស់​ នៃ​គណៈកម្មការ​នានា​របស់​ព្រឹទ្ធសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​​ព្រឹទ្ធសភា​ទាំង​​មូល។

សមាជិក​​ព្រឹទ្ធសភា​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​​កាន់​តំណែង​ ដូច​មាន​ខ្លឹមសារ​​ចែង​ក្នុង​​ឧបសម្ព័ន្ធ​ទី​ ៧​ នៃ​រដ្ឋធម្មនុញ្ញ។

មាត្រា​ ១០៧ ថ្មី.-​

ព្រឹទ្ធសភា​ ប្រជុំ​ជា​សាមញ្ញ​ពីរ​ដង​​ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​ បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ ។

មាត្រា​ ១០៨ ថ្មី.-​

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​របស់​​ព្រឹទ្ធសភា​ ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ។

មាត្រា​ ១០៩ ថ្មី.-​

សម័យ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុង​សាល​ប្រជុំ​របស់​ ព្រឹទ្ធសភា​ លើកលែង​តែ​​មាន​ការ​​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​​ដោយ​ កាលៈទេសៈ​តម្រូវ។

ក្រៅ​ពី​​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​កាល​បរិច្ឆេទ​ដែល​កំណត់​​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​ព្រឹទ្ធសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ហើយ​អសារ​ សូន្យ​ ពេញ​លក្ខណៈ។

មាត្រា​ ១១០ ថ្មី.-​

ប្រធាន​ព្រឹទ្ធសភា​​ដឹកនាំ​អង្គ​ប្រជុំ​របស់​ព្រឹទ្ធសភា​ ទទួល​អាញត្តិ​ច្បាប់​ និង​សេចក្ដី​​សម្រេច​ចិត្ត​ទាំងឡាយ​​ ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​ព្រឹទ្ធសភា​ និង​ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​ព្រឹទ្ធសភា។

ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា​មាន​ធុរៈ​មិន​អាច​បំពេញ​មុខងារ​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស​ ​អនុ​ប្រធាន​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​ព្រឹទ្ធសភា​ លាលែង​​ពី​មុខ​​តំណែង​ ឬ​ទទួល​​អនិច្ចកម្ម​ ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។

មាត្រា ១១១​ ថ្មី​ (ពីរ).-

ការ​ប្រជុំ​ព្រឹទ្ធសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

ព្រឹទ្ធសភា​អាច​ប្រជុំ​សម្ងាត់​បាន​តាម​ការ​សុំ​ពី​ប្រធាន​ ឬ​ពី​​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ ពី​ព្រះមហាក្សត្រ​ ពី​នាយករដ្ឋមន្ត្រី​​ ឬ​ពី​ប្រធាន​រដ្ឋសភា។

ការ​ប្រជុំ​ព្រឹទ្ធសភា​នឹង​​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​មាន​ :

ក- កូរ៉ុម​លើស​ពី​ ពីរ​​ភាគ​បី​ នៃ​ចំនួន​​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ដែល​ តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ 

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​សម្រាប់​​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប​ ឬ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ចំនួន​សម្លេង​ ដែល​តម្រូវ​សម្រាប់​រដ្ឋសភា​អនុម័ត​យល់​ព្រម​ ហើយ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ ត្រូវ​យក​មក​ប្រើ​សម្រាប់​ព្រឹទ្ធសភា​ផង​ដែរ។

មាត្រា​ ១១២ ថ្មី.-​

ព្រឹទ្ធសភា​ មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា​ និង​ រដ្ឋាភិបាល ។ 

មាត្រា​ ១១៣ ថ្មី.-​

ព្រឹទ្ធសភា​ ពិនិត្យ​ហើយ​ឱ្យ​យោបល់​ក្នុង​រយៈពេល​មួយ​ខែ​​យ៉ាង​យូរ​​លើ​សេចក្ដី​ ព្រាងច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត​យល់​​ព្រម​លើក​ដំបូង​រួច​ហើយ ព្រម​ទាំង​លើ​បញ្ហា​ទាំង​ពួង ដែល​រដ្ឋសភា​បាន​ដាក់​ឱ្យ​ពិនិត្យ។ បើ​ជា​ការ​ប្រញាប់​ រយៈពេល​នោះ​ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​តែ​ប្រាំ​ថ្ងៃ។

បើ​ព្រឹទ្ធសភា​បាន​ឱ្យ​យោបល់​យល់​ព្រម​ ឬ​ពុំ​បាន​ឱ្យ​យោបល់​សោះ​ក្នុង​​រយៈពេល​ដែល​​មាន​កំណត់​ទុក​ហើយ​នោះ​ទេ​ ច្បាប់​ដែល​រដ្ឋសភា​​បាន​អនុម័ត​យល់​ព្រម​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។

បើ​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​សេចក្ដី​ព្រាងច្បាប់​ ឬ​សេចក្ដី​​ស្នើ​ច្បាប់​​នោះ​រដ្ឋសភា​​ត្រូវ​យក​មក​ពិចារណា​ភ្លាម​ជា​លើក​ទី ​ពីរ។ រដ្ឋសភា​ត្រូវ​ពិនិត្យ​ និង​សម្រេច​តែ​ត្រង់​បទប្បញ្ញត្តិ​ ឬ​ចំណុច​ណា​ដែល​​ព្រឹទ្ធសភា​សុំ​ឱ្យ​កែ​សម្រួល​ ដោយ​បដិសេធ​ចោល​ទាំងមូល​ ឬ​ទុក​ជា​បាន​ការ​ខ្លះ។

ការ​បង្វិល​ទៅ​បង្វិល​មក​រវាង​ព្រឹទ្ធសភា​​ និង​រដ្ឋសភា​ ត្រូវ​ធ្វើ​តែ​ក្នុង​រយៈពេល​មួយ​ខែ។ រយៈពេល​នេះ​ត្រូវ​​បន្ថយ​មក​ត្រឹម​ដប់​ថ្ងៃ​ បើ​ត្រូវ​ពិនិត្យ​សម្រេច​ពី​ថវិកា​ជាតិ​ និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​ពីរ​ថ្ងៃ​បើ​ជា​ការ​​ប្រញាប់។

បើ​រដ្ឋសភា​ទុក​ឱ្យ​ហួស​រយៈពេល​កំណត់​ ឬ​ពន្យារ​ពេល​​ដែល​កំណត់​ទុក​សម្រាប់​ពិនិត្យ​នោះ​ រយៈពេល​ជា​គោលការណ៍​សម្រាប់​រដ្ឋសភា​ និង​ ព្រឹទ្ធសភា​ត្រូវ​បន្ថែម​ឱ្យ​ស្មើ​គ្នា​ដែរ។

បើ​ព្រឹទ្ធសភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​នោះ​ជា​អសារ​បង់​ រដ្ឋសភា​មិន​អាច​នឹង​យក​​មក​ពិចារណា​ជា​លើក​ទី​ពីរ​បាន​មុន​រយៈពេល​មួយ​ខែ​ ទេ។ រយៈពេល​នេះ​ ត្រូវ​បន្ថយ​មក​ត្រឹម​ដប់​ប្រាំ​ថ្ងៃ​បើ​ពិនិត្យ​ពី​ថវិកា​​ជាតិ​និង​ ហិរញ្ញវត្ថុ​ ហើយ​មក​ត្រឹម​តែ​​បួន​ថ្ងៃ​ បើ​ជា​ការ​ប្រញាប់។

ក្នុង​ការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​​ជា​លើក​ទី​២​ នេះ​រដ្ឋសភា​ត្រូវ​អនុម័ត​ដោយ​វិធី​បោះ​ឆ្នោត​ចំហ​ និង​យក​តាម​មតិ​ភាគ​ច្រើន​​ដាច់​ខាត។

សេចក្ដី​ព្រាង​ច្បាប់​ ឬ​សេចក្ដី​ស្នើ​ច្បាប់​ណា​ដែល​​បាន​សម្រេច​ដូច​ខាង​លើ​នេះ​ហើយ​នោះ​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រកាស​ឱ្យ​ប្រើ។

មាត្រា ១១៤​ ថ្មី​ (មួយ).-

ព្រឹទ្ធសភា​បង្កើត​គណៈកម្មការ​ផ្សេងៗ​ដែល​ចាំបាច់។ ការ​រៀបចំ​ និង ​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ព្រឹទ្ធសភា​ នឹង​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ព្រឹទ្ធសភា។ បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​ ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។

មាត្រា​ ១១៥ ថ្មី.-​

ក្នុង​ករណី​មាន​សមាជិក​ព្រឹទ្ធសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាសចាក​សមាជិកភាព​ ដែល​កើត​មាន​ឡើង​​ប្រាំ​មួយ​ខែ​យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​ចាត់​តាំង​ ឬ​ជ្រើស​តាំង​ ជំនួស​​សមាជិក​នោះ​តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ នៃ​ព្រឹទ្ធសភា និង​ក្នុង​ច្បាប់​ស្ដី​ពី​ការ​ចាត់តាំង​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក ​ព្រឹទ្ធសភា។

អំពីខ្ញុំ

ខ្ញុំបាទ នូ ចន្ថា ម្ចាស់ប្លុកច្បាប់ខ្មែរ ។ ខ្ញុំបង្កើតប្លុកនេះឡើង ក្នុងគោលបំណងតែមួយគត់ គឺជួយសម្រួលដល់ការសិក្សា ស្រាវជ្រាវរបស់សិស្ស និស្សិត និងអ្នកស្រាវជ្រាវក្នុវវិស័យច្បាប់ ។

ខ្ញុំបានបញ្ចប់អនុបណ្ឌិតច្បាប់ ជំនាញនីតិអន្តរជាតិ ហើយសព្វថ្ងៃខ្ញុំកំពុងស្រាវជ្រាវច្បាប់សមុទ្ទ និងកំពុងសរសេរសៀវភៅលើមុខវិជ្ជានេះ ក៏ដូចជាសៀវភៅនីតិអន្តរជាតិសាធារណៈផងដែរ ។

លោកអ្នកអាចទំនាក់ទំនងខ្ញុំ ៖

            E-mail: chanthanou.law@gmail.com

            ទស្សនាវីដេអូនានារបស់ខ្ញុំអំពីច្បាប់ជាតិ និងអន្តរជាតិ៖

https://www.youtube.com/channel/UCYOi6sqSxULXMYtgFwUelpw

រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ៖ ជំពូក​ទី​ ៧​ អំពី​រដ្ឋសភា

មាត្រា​ ៧៦​.-​

រដ្ឋ​សភា​ មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០ រូប។

តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។

តំណាងរាស្ត្រ​ អាច​ឈរ​ឈ្មោះ​បោះឆ្នោត​​សា​ជា​ថ្មី​បាន។

អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ២៥​ ឆ្នាំ មាន​សញ្ជាតិ​ជា​​ខ្មែរ​តាំង​ពី​កំណើត។

អង្គការ​​រៀបចំ​ការ​បោះឆ្នោត​ បែបបទ​​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត។

មាត្រា​ ៧៧​.-​

តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ ត្រូវ​​ទុក​ជា​មោឃៈ។

មាត្រា​ ៧៨​.-​

នីតិកាល​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​ ១២​ខែ។

ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​​ត្រូវ​រំលាយ​រដ្ឋសភា​ ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​ និង​ បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។

ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋ​សភា​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ ៦០​ ថ្ងៃ​ យ៉ាង​យូរ​ ចាប់​តាំង​​ពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក។

ក្នុង​រយៈ​កាល​នេះ​ រាជរដ្ឋាភិបាល​​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​​ប៉ុណ្ណោះ។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​​អាច​ធ្វើ​ការ​បោះឆ្នោត​កើត​ រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា​ ត្រូវ​សម្រេច​ដោយ​មតិ​យល់​ព្រម​ ពីរ​ភាគ​បី​យ៉ាង​តិច​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ៧៩​.-​

អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​ មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារ​​សាធារណៈ​ ជា​សកម្ម​ និង​ ជា​មួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ វៀរលែង​តែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល។

ក្នុង​ករណី​នេះ​ សមាជិក​រដ្ឋសភា​រូប​នោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ប៉ុន្តែ​មិន​ត្រូវ​មាន​មុខ​តំណែង​​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ និង​ក្នុង​គណៈ​កម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា។

មាត្រា​​ ៨០​.-​

តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា​ ៨១​.-​​;

រដ្ឋសភា​មាន​ថវិកា​ស្វយ័ត សម្រាប់​ដំណើរ​ការ។

តំណាងរាស្ត្រ​ ត្រូវ​ទទួល​ប្រាក់​បំណាច់។

មាត្រា​ ៨២ ថ្មី.-​

រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណាត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

តំណាងរាស្ត្រ​​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ ឧបសម្ព័ន្ធ​ទី​ ៥​ នៃ​រដ្ឋធម្មនុញ្ញ។

មាត្រា​ ៨៣​.-​

រដ្ឋសភា​ ប្រជុំ​ជា​សាមញ្ញ​ ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​រដ្ឋសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ កោះ​​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ។

ក្នុង​ករណី​នេះ​ របៀប​វារៈ​ជាក់លាក់​នៃ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​ត្រូវ​​ផ្សាយ​​ដល់​ប្រជារាស្ត្រ​ជា​មួយ​នឹង​ថ្ងៃ​កំណត់​ប្រជុំ។

មាត្រា​ ៨៤​.-​

នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ទទួល​ភារកិច្ច​ចាត់​ចែង​ការងារ។

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​រួម​មាន​ : ប្រធាន​រដ្ឋសភា ​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា។

មាត្រា ៨៥​.-

សម័យ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សាល​ប្រជុំ​របស់​​ រដ្ឋសភា​ លើកលែង​តែ​មាន​ការ​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​ដោយ​កាលៈទេសៈ​ តម្រូវ។

ក្រៅ​ពី​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​ពី​កាល​បរិច្ឆេទ​ ដែល​កំណត់​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​រដ្ឋសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​ជា​អសារ​សូន្យ​ពេញ​លក្ខណៈ។

មាត្រា ៨៦​.-

ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រំលាយ​បាន​ឡើយ។

មាត្រា ៨៧.-

ប្រធាន​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ ទទួល​អាញ្ញត្តិ​ច្បាប់​ និង​​សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ ដែល​រដ្ឋសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​ និង​ ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា។

ក្នុង​ករណី​ ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។

មាត្រា ៨៨​ ថ្មី​ (ពីរ)​.-

ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី។

ការ​ប្រជុំ​រដ្ឋសភា​​ នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​:

ក- កូរ៉ុម​លើស​ពី​ ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល។

មាត្រា ៨៩.-

តាម​ការ​សុំ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។

មាត្រា ៩០​ ថ្មី​ (ពីរ)​.-

រដ្ឋសភា​ជា​អង្គការ​​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដូច​បាន​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឱ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឱ្យ​រដ្ឋ​ឱ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ ។

រដ្ឋសភា​ឱ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល។

រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​លើកលែង​​ទោស​ជា​ទូទៅ។

រដ្ឋសភា​អនុម័ត​យល់​ព្រម​ ឬ​លុបចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រកាស​​សង្គ្រាម។

ការ​អនុម័ត​ខាង​លើ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ នៃ​​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

រដ្ឋសភា​បោះឆ្នោត​​ទុក​ចិត្ត​​ដល់​រាជរដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ៩១ ថ្មី.-​

សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​ នាយករដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់។

តំណាងរាស្ត្រ​​ មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ។

មាត្រា ៩២​.-

ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា​ ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​ ឬ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​ នឹង​ត្រូវ​ចាត់​ទុក​ជា​អាសារ​សូន្យ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អង្គការ​​តែ​មួយ​គត់​ ដែល​មាន​​សមត្ថកិច្ច​​សម្រេច​ពី​មោឃភាព​នេះ។ 

មាត្រា​ ៩៣ ថ្មី.-​

ច្បាប់​​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួច​ហើយ​ ហើយ​ត្រូវ​​​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​​​ឱ្យ​ប្រើ​ ត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ។

ច្បាប់​ ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​ និង​ ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទាន់​តាម​ពេល​កំណត់​ខាង​លើ ។

មាត្រា ៩៤​.-

រដ្ឋសភា​​បង្កើត​គណៈកម្មការ​ផ្សេងៗ​ ដែល​ចាំបាច់។ ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​ នឹង​មាន​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។ 

មាត្រា ៩៥​.-​

ក្នុង​ករណី​មាន​សមាជិក​រដ្ឋសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាស​ចាក​សមាជិក​ភាព​ ដែល​កើត​មាន​ឡើង​ ៦​ខែ​ យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​​ចាត់​ការ​ជ្រើស​តាំង​​ជំនួស​​សមាជិក​នោះ​ តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ និង​ក្នុង​ច្បាប់​បោះឆ្នោត។

មាត្រា ៩៦​.-

តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា។

ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​ អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។

ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​ សរសេរ​ជា​លាយលក្ខណ៍​អក្សរ។

ចម្លើយ​ខាង​លើ​នេះ​​ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​ នឹង​បញ្ចប់​សំណួរ​តែ​ម្ដង។

បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ។

រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ការ​ឆ្លើយ​សំណួរ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ ។

មាត្រា ៩៧​.-

គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន។

មាត្រា​ ៩៨ ថ្មី.-​

រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​ តាម​សំឡេង​​ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។