Tuesday, February 16, 2021

«​កាតព្វកិច្ច» និង «ករណីយកិច្ច» មានន័យដូចគ្នា ឬខុសគ្នា?

អ្នកសិក្សា ជាពិសេសនិស្សិតច្បាប់ តែងជួបពាក្យ «​កាតព្វកិច្ច» និង «ករណីយកិច្ច» ហើយអាចមានចម្ងល់ថា តើពាក្យទាំងពីរនេះ មានន័យដូចគ្នាឬយ៉ាងណា? 

ជាការពិត នៅក្នុងវចនានុក្រមខ្មែរ មិនបានបញ្ជាក់ថា ពាក្យពីរនេះមានន័យខុសគ្នា ឬដូចគ្នាឡើយ ។ ប៉ុន្តែ ប្រសិនបើយើងរកពាក្យ «​កាតព្វកិច្ច» នៅក្នុងវចនានុក្រម យើងនឹងឃើញពាក្យថា «ម.ព.ករណីយកិច្ច» ដែលនេះមានន័យថា ឱ្យយើងមើលពាក្យ «ករណីយកិច្ច» វិញ ។ ត្រង់នេះ មានន័យថាពាក្យទាំងពីរនេះ មានន័យតែមួយ ។ 

វចនានុក្រមខ្មែរ បានឱ្យនិយមន័យពាក្យ «ករណីយកិច្ច» ថា ជាកិច្ចដែលគួរធ្វើ, ការងារដែលត្រូវតែធ្វើ ។ និយាយជារួម ពាក្យ «​កាតព្វកិច្ច» និង «ករណីយកិច្ច» គឺសំដៅលើកិច្ចការដែលត្រូ​វ​តែធ្វើជាចំបាច់ និងមិនអាចខានបាន ។ 

នៅក្នុងវិស័យច្បាប់ តើពាក្យទាំងពីរខាងលើ ត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេច ? 

សទ្ទានុក្រមពាក្យច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុំបានឱ្យនិយមន័យទៅលើពាក្យ «ករណីយកិច្ច» ឡើយ ។ ប៉ុន្តែ សទ្ទានុក្រមនេះ បានឱ្យនិយមន័យពាក្យ «ករណីយកិច្ចផ្ដាច់មុខ» ថា ជាករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ។ ឧទាហរណ៍៖ កូន មានករណីយកិច្ចចិញ្ចឹមបឪពុកម្ដាយ នៅពេលដែលឪពុកម្ដាយចាស់ជរា ។ 

សទ្ទានុក្រមដដែល បានឱ្យនិយមន័យពាក្យ «កាតព្វកិច្ច» ថាជាចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា «កូនបំណុល» មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀត ដែលបានកំណត់ហៅថា «ម្ចាស់បំណុល» ។ ក្រៅពីនេះ សទ្ទានុក្រមខាងលើ បាន លើកយកពាក្យ ដែលស្ថិតក្នុងប្រភេទកាតព្វកិច្ចនានា មកពន្យល់ផងដែរ ។ ពាក្យទាំងនោះមាន៖ 

  • កាតព្វកិច្ចចម្បង ជាកតព្វកិច្ចដើមនៃកិច្ចសន្យា ដែលបង្កើតឡើង ដោយម្ចាស់បំណុល និងកូនបំណុល ។ 
  • កាតព្វកិច្ចដោយសាមគ្គី ជាកាតព្វកិច្ចរបស់កូនបំណុលច្រើននាក់ ដែលក្នុងនោះកូនបំណុលម្នាក់ៗ ឬច្រើននាក់ត្រូវអនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគ ដោយព្រមគ្នា ឬដោយបន្តបន្ទាប់ តាមការទាមទាររបស់ម្ចាស់បំណុល ។ 
  • កាតព្វកិច្ចធានា ជាករណីយកិច្ចរបស់អ្នកធានា ដែលត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បង នៅក្នុងករណីដែលកូនបំណុល មានកាតព្វកិច្ចចម្បងនោះ មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ។ 
  • កាតព្វកិច្ចអនិយ័ត ជាកាតព្វកិច្ចដែលផ្ដល់ឱ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ ឬច្រើនក្នុងចំណោមការផ្ដល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ ។
គួរបញ្ជាក់ផងដែរ ថា ក្រៅពីពាក្យ «ករណីយកិច្ច» និង «កាតព្វកិច្ច» មានពាក្យដែលអាចនឹងច្រឡំន័យជាមួយពាក្យទាំងពីរនេះ មួយទៀត គឺ «ភារកិច្ច» ។ វចនានុក្រមខ្មែរ ឱ្យនិយមន័យពាក្យ «ភារកិច្ច» នេះថា «កិច្ចជាភារៈ» ។ បើនិយាយឱ្យស្រួលស្ដាប់ «ភារកិច្ច» គឺជាកិច្ចការជាបន្ទុក ដែលមនុស្សម្នាក់ត្រូវទទួលរ៉ាប់រង ។ 

ទស្សនាវីដេអូ៖ 




No comments:

Post a Comment