Thursday, February 18, 2021

អ្វីជាច្រកទ្វារអ៊ីនធឺណិតជាតិ? /National Internet Gateway

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យមួយ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ក្នុងប្រទេស និងអន្តរជាតិ ។ តើអ្វីជា ច្រកទ្វារអ៊ីនធឺណិតជាតិ? 

ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានគេហៅជាភាសាអង់គ្លេសថា "National Internet Gateway" សំដៅដល់ច្រកទ្វារ ដែលសេវាអ៊ីនធឺណិតគ្រប់ប្រភេត ត្រូវតភ្ជាប់បណ្ដាញទៅវិញទៅមកក្នុងប្រទេស និងអន្តរជាតិ ។ ច្រកទ្វារអ៊ីនធឺណិតជាតិ រួមមានច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស (Domestic Internet Exchange) និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ (International Internet Gateway) ។ 

ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សំដៅដល់ច្រកទ្វារអ៊ីនធឺណិត ដែលប្រតិបត្តិករក្នុងស្រុកអាចផ្លាស់ប្ដូរទិន្នន័យរវាងគ្នា ដោយពុំចាំបាច់ឆ្លងតាមបណ្ដាញក្នុងប្រទេសដទៃ ។ ចំណែក ច្រកទ្វារអ៊ីនធឺណិតអន្តរជាតិវិញ សំដៅដល់ច្រកទ្វារអ៊ីនធឺណិត ដែលផ្លាស់ប្ដូរទិន្នន័យរវាងបណ្ដាញអ៊ីនធឺណិតក្នុងស្រុក នៃប្រទេសមួយ និងប្រទេសមួយទៀត ។ ​

យោងតាម មាត្រា ៤ កថាខណ្ឌទី ៣ នៃអនុក្រឹត្យខាងលើ ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ នៃច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិត នៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀត ស្របតាមតម្រូវការជាក់ស្ដែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ 

អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ បានកំណត់ឱ្យបុគ្គលដែលមានបំណងធ្វើប្រតិបត្តិការច្រកទ្វារអ៊ីនធឺណិតជាតិ ដាក់ពាក្យសុំអាជ្ញាបណ្ណ ពីនិយ័តករទូរគមនាគមន៍កម្ពជា ។ 







No comments:

Post a Comment