យោងតាមសទ្ទានុក្រមពាក្យច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋវេណី ដោយទីស្ដីការគណៈរដ្ឋមន្ត្រី «ការការពារធម្មានុរូប» សំដៅដល់អំពើតបត ដែលបង្កឱ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្រ រវាងវិធីការពារ និងកម្រិត នៃអំពើបំពាននោះ ។
ការការពារធម្មានុរូប គឺជាមូលហេតុមួយ ដែលក្នុងចំណោមមូលហេតុដទៃទៀត នៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ ពីមាត្រា ៣១ ដល់មាត្រា ៣៧ មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌមានដូចជា៖
- ដោយសារមូលហេតុវិបល្លាសស្មារតី (មាត្រា ៣១ )
- ការអនុញ្ញាតដោយស្របច្បាប់ ឬអាជ្ញាធរ (មាត្រា ៣២)
- ការការពារស្របច្បាប់/ ការការពារធម្មានុរូប (មាត្រា ៣៣ ដល់មាត្រា ៣៤)
- ស្ថានភាពចាំបាច់ (មាត្រា ៣៥)
- អានុភាពនៃកម្លាំង ឬការបង្ខំ (មាត្រា ៣៦)
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ បានកំណត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលដែលបានបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន នៅពេលដែលប្រព្រឹត្តបទល្មើសណាមួយ ។
ចំណែកមាត្រា ៣២ ក៏បានកំណត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើណាមួយដែលច្បាប់បានបញ្ញត្តិអនុញ្ញាតិ ឬបានប្រព្រឹត្តតាមការបញ្ជារបស់អាជ្ញាធរស្របច្បាប់ លើកលែងតែអំពើនោះស្ថិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបទឧក្រិដ្ឋសង្គ្រាម ។
ងាកមក ការការពារធម្មានុរូបវិញ ទោះបីជាច្បាប់បានកំណត់ថា ជាមូលហេតុនៃការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌក្ដី ប៉ុន្តែ ត្រូវគោរពតាមលក្ខខណ្ឌកំណត់ដោយច្បាប់ ។ យោង តាមមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ លក្ខខណ្ឌទាំងនោះ រួមមាន៖
- បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យ សម្បត្ដិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
- បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា
- គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ ឈ្លានពាន ។
ការឈ្លានពានដែលមិនត្រឹមត្រូវ សំដៅលើអំពើទាំងឡាយដែលបំពានដោយចេតនាអាក្រក់ ប៉ុន្តែ មិនមែនទាល់តែអំពើឈ្លានពាននោះ ត្រូវបានចែងក្នុងច្បាប់ថាជាបទល្មើស នោះទេ ។ ទោះបីជាអំពើបំពាននោះ មិនមានចែងក្នុងច្បាប់ថាជាបទល្មើសក៏ដោយ ក៏អាចចាត់ទុកជាអំពើឈ្លានពានមិនត្រឹមត្រូវដែរ ។
ការឈ្លានពាន និងការតបត ត្រូវតែកើតឡើងក្នុងពេលដំណាលគ្នា គឺចង់សំដៅថា នៅពេលដែល បុគ្គល ក ប្រព្រឹត្តអំពើឈ្លានពានមកលើ បុគ្គល ខ ជាមុន ហើយមិនទាន់បានបញ្ជប់ការឈ្លានពាននោះទេ ហេតុនេះបុគ្គល ខ ត្រូវតបតទៅវិញ ក្នុងគោលបំណងការពារខ្លួន ។ ត្រង់នេះ ត្រូវចងចាំថា ប្រសិនបើ បុគ្គល ក បានវាយបុគ្គល ខ មួយដៃ ហើយរត់ ចំំណែក ខ បានទៅតាមវាយ ក បានមួយដៃវិញ គេមិនចាត់ទុកថាជាការការពារធម្មានុរូបនោះទេ ប៉ុន្តែ គេហៅថា ជាការសងសឹកទៅវិញ ហើយមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។
គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ ឈ្លានពាន គឺសំដៅថា ការតបត ត្រូវតែធ្វើឡើងឱ្យសមគ្នាទៅនឹងកម្លាំងនៃការឈ្លានពាននោះ ។ ត្រង់នេះ សូមលើកឧទាហរណ៍ថា បើអ្នកឈ្លានពានកាន់ដំបង មួយនៅចម្ងាយ ប្រហែល១០ ម៉ែត្រពីយើង ហើយយើងទាញកំភ្លើងបាញ់សម្លាប់ អ្នកឈ្លានពាន មិនមែនហៅថាជាការការពារស្របច្បាប់ឡើយ ។
មាត្រា ៣៤ នៃក្រមដដែល បានចែងអំពីសច្ចធារណ៍នៃការការពារធម្មានុរូប ថា ត្រូវសន្មតថាជា ការការពារស្របច្បាប់ (ការការពារធម្មានុរូប) ក្នុងករណីដូចជា៖
- បទល្មើសត្រូវបានប្រព្រឹត្ដ ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ
- បទល្មើសបានប្រព្រឹត្ដ ដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែល អនុវត្ដដោយហិង្សា ។
មាត្រាដដែលបានបន្ថែមថា សច្ចធារណ៍នៃការការពារធម្មានុរូបខាងលើ មិនមានលក្ខណៈដាច់ខាតទេហើយវាអាចត្រូវរំលាយ ដោយភស្ដុតាងផ្ទុយ ។
ទស្សនាវីដេអូ៖ https://www.youtube.com/watch?v=yMS9K-9CLPE&t=393s
No comments:
Post a Comment