Thursday, January 21, 2021

សមុទ្ទដែនដី (Territorial Sea)

សមុទ្ទដែនដី គឺជាដែនសមុទ្ទរបស់រដ្ឋ ដែលលាតសន្ធឹងចេញពីបន្ទាត់មូលដ្ឋាន ឆ្ពោះទៅឯនាយសមុទ្ទ ដែលមានចម្ងាយមិនលើស ១២ ម៉ៃល៍សមុទ្ទ ។ 

នៅក្នុងសមុទ្ទដែនដីរបស់ខ្លួន រដ្ឋឆ្នេរសមុទ្ទ អាចអនុវត្តអធិបតេយ្យទាំងលើតំបន់ និងធនធាននៅក្នុងតំបន់នេះផងដែរ ។ ទោះជាយ៉ាងនេះក្ដី យោងតាមអនុសញ្ញាច្បាប់សមុទ្ទ ឆ្នាំ១៩៨២ មាត្រា ១៧ បានអនុញ្ញាតឱ្យមានសិទ្ធិឆ្លងកាត់ដោយមិនបំពាន (Innocent Passage) របស់នាវានានា តាមសមុទ្ទដែនដី ។

គោលការណ៍សមុទ្ទដែនដី ត្រូវបានបង្កើតឡើងដោយទ្រឹស្ដីរបស់អ្នកច្បាប់ហុលឡង់ឈ្មោះ Bynkershoek ដោយលោកបានបង្កើតគោលការណ៍បាញ់កាំភ្លើងធំ ដែលចម្ងាយដែលគ្រាប់កាំភ្លើងធំទៅដល់ រាប់បញ្ចូលថាជាសមុទ្ទដែនដីរបស់រដ្ឋ ។ នៅពេលដែលទ្រឹស្ដីនេះបានបង្កើតឡើង ជាទូទៅ កាំភ្លើងធំ បាញ់បានចម្ងាយត្រឹមប្រមាណ៣ម៉ៃល៍សមុទ្ទប៉ុណ្ណោះ ។ 

 ពាក្យថា “៣ម៉ៃល៍សមុទ្ទ”នេះ ជាភាសាអង់គ្លេសគេតែងតែ    សរសេរថា “3 nautical miles” ។ ប៉ុន្តែពេលខ្លះ មានគេសរសេរថា “1 league” ។ នៅក្នុងរឿងក្ដីឈូងសមុទ្ទហ្វុនសេកា (Gulf of Fonseca) រវាងហុងដូរ៉ាស និងអ៊ែលសាលវ៉ាឌ័រ (មានការអន្តរាគមន៍របស់នីហ្គារ៉ាគ័រ) សភាជំនុំជម្រះនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែងតែប្រើពាក្យ “1 league” នេះជំនួសឱ្យពាក្យ “3 nautical miles”។        អត្ថន័យរបស់ពាក្យពីរឃ្លានេះគឺដូចគ្នា ហើយជំនួសគ្នាទៅវិញទៅមកបាន ព្រោះថា រង្វាស់1 league ស្មើនឹង៣ម៉ៃល៍សមុទ្ទ ។ 

 មាត្រា១១ នៃអនុសញ្ញាច្បាប់សមុទ្ទឆ្នាំ ១៩៨២ បានចែងពាក់ព័ន្ធនឹងកំពង់ផែថា “ក្នុងគោលបំណងកំណត់សមុទ្ទដែនដី សមិទ្ធផលនៃកំពង់ផែមានលក្ខណៈអចិន្ត្រៃយ៍ ដែលបង្កើតបានជាផ្នែកសំខាន់នៃប្រព័ន្ធកំពង់ផែ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃឆ្នេរសមុទ្ទ” ។ សមិទ្ធផលកំពង់ផែនោះ រួមមានកត្តាផ្សេងៗដូចជា ទំបន់ទឹកដើម្បីការពារមាត់កំពង់ផែ ប៉ុន្តែមិនភ្ជាប់ទៅនឹងឆ្នេរសមុទ្ទជាដើម។ 

ប៉ុន្តែ ឋបនភណ្ឌឯនាយសមុទ្ទ និងកោះសិប្បនិម្មិត មិនត្រូវបានចាត់ទុកថាជាសមិទ្ធផល ដែលមានលក្ខណៈអចិន្ត្រៃយ៍នៃកំពង់ផែទេ ។ 

រហូតដល់ត្រឹមទសវត្សឆ្នាំ១៩៦០ រដ្ឋបានអះអាងសមុទ្ទដែនដីរបស់ខ្លួនតែ ៣ ម៉ៃល៍សមុទ្ទប៉ុណ្ណោះ ហើយពេលនោះមិនទាន់មានការឯកភាពគ្នាឡើយចំពោះយុត្តាធិការ របស់រដ្ឋលើ សមុទ្ទដែនដី ។ 

មាត្រា ១៧ នៃអនុសញ្ញាច្បាប់សមុទ្ទ បានចែងថា នាវារបស់រដ្ឋទាំងឡាយរួមមានរដ្ឋឆ្នេរសមុទ្ទ និងរដ្ឋមិនមានឆ្នេរសមុទ្ទ ទទួលបានសិទ្ធិឆ្លងកាត់ដោយមិនបំពាន ក្នុងសមុទ្ទដែនដី ។ បន្ថែមលើបញ្ញត្តិកំណត់ក្នុងមាត្រាខាងលើ មាត្រា ១៨ និង មាត្រា ១៩ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ ដោយបញ្ញត្តិថាកាឆ្លងកាត់ដោយមិនបំពាន ជាសិទ្ធិដែលនាវារួមមាន នាវាជំនួញ នាវាដឹកអ្នកដំណើរ នាវាចម្បាំងគ្រប់ប្រភេទ នាវាមុជទឹក ទូកកំសាន្ត និងវិទ្យាសាស្ត្រ ត្រូវមាន នៅពេលឆ្លងកាត់សមុទ្ទដែនដីរបស់រដ្ឋឆ្នេរសមុទ្ទមួយ ។

ចំណុចសំខាន់មួយទៀត គឺពាក់ព័ន្ធនឹងការឆ្លងកាត់ដោយមិនបំពាននៃនាវាចម្បាំង កាត់តាមសមុទ្ទដែនដីនៃរដ្ឋដទៃ ។ ដូចបានរៀបរាប់ខាងលើ ចំពោះនាវាមុជទឹក អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទឆ្នាំ១៩៨២ បានកំណត់ឱ្យងើបឡើងលើផ្ទៃទឹក ។ ចំណែកនាវាចម្បាំងវិញ បានក្លាយជាប្រធានបទ ដែលយកមកពិភាក្សាក្នុងចំណោមរដ្ឋទាំងឡាយនៅក្នុងសន្និសីទទីក្រុងវីយ៉ែន ក៏ដូចជាសន្និសីទអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្ទលើកទី៣ដែរ  ហើយមានការជំទាស់យោបល់គ្នាយ៉ាងច្រើននៅពេលនោះ ។ 

ក្រៅពីមានយុត្តាធិការផ្ដាច់មុខលើសមុទ្ទដែនដី រដ្ឋឆ្នេរសមុទ្ទ មានករណីយកិច្ចពាក់ព័ន្ធទៅនឹងការឆ្លងកាត់ដោយមិនបំពាន ដែលកំណត់ដោយអនុសញ្ញាច្បាប់សមុទ្ទឆ្នាំ១៩៨២ ។ ករណីយកិច្ចទាំងនោះរួមមាន ការអនុម័តច្បាប់ ដែលចាំបាច់ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិឆ្លងកាត់ដោយមិនបំពាន  ការធានាសុវត្ថិភាពនាវាដែលអនុវត្តសិទ្ធិនេះ  និងការចាត់វិធានការការពារនាវាបរទេសក្នុងករណីមានអាសន្ន  ។ 


ទស្សនាវីដេអូ ៖ 





No comments:

Post a Comment