ប្លុកច្បាប់ខ្មែរ បង្កើតឡើងដើម្បីចែករំលែកចំណេះដឹងផ្នែកច្បាប់ ដើម្បីសម្រួលការសិក្សាច្បាប់របស់និស្សិត និងអ្នកស្រាវជ្រាវ ។
Sunday, February 28, 2021
វីដេអូច្បាប់៖ មូលបត្ររដ្ឋ / Government Bond
Thursday, February 25, 2021
វីដេអូច្បាប់៖ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ /Exclusive Economic Zone
Sunday, February 21, 2021
ច្បាប់ប្រឆាំងអំពើពុករលួយ៖ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ត្រង់មាត្រា ១៧ បានកំណត់ឱ្យបុគ្គល ដែលបំពេញការងារក្នុងនីតិបុគ្គលសាធារណៈ និងបុគ្គលដែលជាថ្នាក់ដឹកនាំសង្គមស៊ីវិល ប្រកាសទ្រសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិចទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តីរួមទាំងបំណុលផងហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់ ។ បុគ្គលដែលបម្រើការងារក្នុងនីតិបុគ្គលសាធារណៈ និងបុគ្គលដែលជាថ្នាក់ដឹកនាំសង្គមស៊ីវិលទាំងនោះរួមមាន៖
- សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល
- មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង
- សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធានអនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ
- មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ
- មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា
- ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល
បុគ្គលខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ (ពីរ) ឆ្នាំម្ដង នៅដើមខែមករា ហើយមិនឲ្យហូសពីថ្ងៃទី ៣១ ខែមករាឡើយ ។ ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណៃង។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទីពីរ ត្រូវធ្វើនៅខែ មករា ឆ្នាំទី ៣ នៃការកាន់មុខតំណែង ហើយការប្រកាសទ្យព្យសម្បត្តិ និង បំណុលចុងក្រោយត្រូវធ្វើ ៣០ (សាមសិប) ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
ក្រៅពីបុគ្គលដូចមានរៀបរាប់ខាងលើ បុគ្គលផ្សេងទៀត ក៏ត្រូវប្រកាសអំពីទ្រព្យសម្បត្តិ និងបំណុលផងដែរ ក្រោយពីត្រូវបានស៊ើបអង្កេត និង ទទួលសេចក្ដីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ។
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និង បំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និង ធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និង ចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬ តំណាងព្រមទាំងមានផ្ដិតម្រាមដៃសាមីខ្លួនផង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬ បើកមើលឯកសារអេឡិចត្រូនិកខាងលើដើម្បីបុព្វហេតុនៃការស៊ើបងង្កេតតាមការចាំបាច់។
អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលក្នុងរយៈពេលយ៉ាងតិច ១០ (ដប់) ឆ្នាំ ចាប់ពីពេលទទូលសំណុំឯកសារ។
សមុទ្ទតភ្ជាប់ /Contiguous Zone
សមុទ្ទតភ្ជាប់ គឺជាផ្នែកមួយនៃសមុទ្ទ ដែលហួស និងជាប់នឹងសមុទ្ទដែនដី នៃរដ្ឋឆ្នេរសមុទ្ទ ដែលលាតសន្ធឹងមិនហួសពី២៤ម៉ៃល៍សមុទ្ទពីបន្ទាត់មូលដ្ឋាន ។[1]
មានអ្នកនិពន្ធមួយចំនួនបានចាត់ទុកគោលការណ៍សមុទ្ទតភ្ជាប់ថា ហួសសម័យ ដោយសារសមុទ្ទតភ្ជាប់នេះ គឺជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ហើយក៏នឹងស្ថិតនៅក្នុងសមុទ្ទអន្តរជាតិដែរ នៅពេលដែលគេអនុវត្តគោលការណ៍សេរីភាពនាវាចរណ៍ ។[2]
រដ្ឋមិនអនុវត្តអធិបតេយ្យនៅក្នុងសមុទ្ទតភ្ជាប់ឡើយ ប៉ុន្តែរដ្ឋមានសមត្ថកិច្ចជាក់លាក់មួយចំនួនលើតំបន់នេះ ។ រដ្ឋឆ្នេរសមុទ្ទ មានសិទ្ធិប្រើប្រាស់តំបន់តភ្ជាប់ នៅក្នុងលក្ខខណ្ឌកំណត់មួយ ។[3]
មាត្រា ៣៣ នៃអនុសញ្ញាច្បាប់សមុទ្ទឆ្នាំ ១៩៨២ ត្រង់វាក្យខណ្ឌទី ១ បានចែងថា តំបន់ដែលបន្តពីសមុទ្ទដែនដី គឺជាតំបន់តភ្ជាប់[4] ហើយរដ្ឋឆ្នេរសមុទ្ទអាច៖
- ការពារការរំលោភច្បាប់ និងបទប្បញ្ញត្តិដែនដី ឬសមុទ្ទដែនដីរបស់ខ្លួនពាក់ព័ន្ធនឹង សារពើពន្ធ គយ អន្តោប្រវេសន៍ ឬអនាម័យ
- ដាក់ទណ្ឌកម្មលើការរំលោភច្បាប់ និងបទប្បញ្ញត្តិខាងលើ ប្រព្រឹត្តនៅលើដែនដី ឬសមុទ្ទដែនដីរបស់ខ្លួន ។[5]
[1] LOSC 1982. Art. 33 (2).
[2] Anne Bardin, Coastal State's
Jurisdiction over Foreign Vessels, 14 PaceInt'lL. Rev. 27 (2002), P39, Available at:
[3] Dixon, 2005: p. 202.
[4] in a
zone contiguous to its territorial sea, described as the contiguous zone.
[5] See also article
24 (1) of the 1958 Convention.
Thursday, February 18, 2021
អ្វីជាច្រកទ្វារអ៊ីនធឺណិតជាតិ? /National Internet Gateway
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យមួយ ស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ក្នុងប្រទេស និងអន្តរជាតិ ។ តើអ្វីជា ច្រកទ្វារអ៊ីនធឺណិតជាតិ?
ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានគេហៅជាភាសាអង់គ្លេសថា "National Internet Gateway" សំដៅដល់ច្រកទ្វារ ដែលសេវាអ៊ីនធឺណិតគ្រប់ប្រភេត ត្រូវតភ្ជាប់បណ្ដាញទៅវិញទៅមកក្នុងប្រទេស និងអន្តរជាតិ ។ ច្រកទ្វារអ៊ីនធឺណិតជាតិ រួមមានច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស (Domestic Internet Exchange) និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ (International Internet Gateway) ។
ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សំដៅដល់ច្រកទ្វារអ៊ីនធឺណិត ដែលប្រតិបត្តិករក្នុងស្រុកអាចផ្លាស់ប្ដូរទិន្នន័យរវាងគ្នា ដោយពុំចាំបាច់ឆ្លងតាមបណ្ដាញក្នុងប្រទេសដទៃ ។ ចំណែក ច្រកទ្វារអ៊ីនធឺណិតអន្តរជាតិវិញ សំដៅដល់ច្រកទ្វារអ៊ីនធឺណិត ដែលផ្លាស់ប្ដូរទិន្នន័យរវាងបណ្ដាញអ៊ីនធឺណិតក្នុងស្រុក នៃប្រទេសមួយ និងប្រទេសមួយទៀត ។
យោងតាម មាត្រា ៤ កថាខណ្ឌទី ៣ នៃអនុក្រឹត្យខាងលើ ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ នៃច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិត នៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀត ស្របតាមតម្រូវការជាក់ស្ដែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ បានកំណត់ឱ្យបុគ្គលដែលមានបំណងធ្វើប្រតិបត្តិការច្រកទ្វារអ៊ីនធឺណិតជាតិ ដាក់ពាក្យសុំអាជ្ញាបណ្ណ ពីនិយ័តករទូរគមនាគមន៍កម្ពជា ។
ការឃុំខ្លួនបណ្ដោះអាសន្ន
យោងតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់
១. ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។២. ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះឬដើម្បីរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត ។
៣. ដើម្បីរក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ។
៤. ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។
៥. ដើម្បីការពារសន្តិសុខឲ្យជនត្រូវចោទ។
៦. ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើស។
ការការពារធម្មានុរូប / Self-defence/ légitime defense
យោងតាមសទ្ទានុក្រមពាក្យច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋវេណី ដោយទីស្ដីការគណៈរដ្ឋមន្ត្រី «ការការពារធម្មានុរូប» សំដៅដល់អំពើតបត ដែលបង្កឱ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្រ រវាងវិធីការពារ និងកម្រិត នៃអំពើបំពាននោះ ។
ការការពារធម្មានុរូប គឺជាមូលហេតុមួយ ដែលក្នុងចំណោមមូលហេតុដទៃទៀត នៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ ពីមាត្រា ៣១ ដល់មាត្រា ៣៧ មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌមានដូចជា៖
- ដោយសារមូលហេតុវិបល្លាសស្មារតី (មាត្រា ៣១ )
- ការអនុញ្ញាតដោយស្របច្បាប់ ឬអាជ្ញាធរ (មាត្រា ៣២)
- ការការពារស្របច្បាប់/ ការការពារធម្មានុរូប (មាត្រា ៣៣ ដល់មាត្រា ៣៤)
- ស្ថានភាពចាំបាច់ (មាត្រា ៣៥)
- អានុភាពនៃកម្លាំង ឬការបង្ខំ (មាត្រា ៣៦)
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ បានកំណត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលដែលបានបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន នៅពេលដែលប្រព្រឹត្តបទល្មើសណាមួយ ។
ចំណែកមាត្រា ៣២ ក៏បានកំណត់ឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើណាមួយដែលច្បាប់បានបញ្ញត្តិអនុញ្ញាតិ ឬបានប្រព្រឹត្តតាមការបញ្ជារបស់អាជ្ញាធរស្របច្បាប់ លើកលែងតែអំពើនោះស្ថិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបទឧក្រិដ្ឋសង្គ្រាម ។
ងាកមក ការការពារធម្មានុរូបវិញ ទោះបីជាច្បាប់បានកំណត់ថា ជាមូលហេតុនៃការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌក្ដី ប៉ុន្តែ ត្រូវគោរពតាមលក្ខខណ្ឌកំណត់ដោយច្បាប់ ។ យោង តាមមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ លក្ខខណ្ឌទាំងនោះ រួមមាន៖
- បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យ សម្បត្ដិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
- បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា
- គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ ឈ្លានពាន ។
ការឈ្លានពានដែលមិនត្រឹមត្រូវ សំដៅលើអំពើទាំងឡាយដែលបំពានដោយចេតនាអាក្រក់ ប៉ុន្តែ មិនមែនទាល់តែអំពើឈ្លានពាននោះ ត្រូវបានចែងក្នុងច្បាប់ថាជាបទល្មើស នោះទេ ។ ទោះបីជាអំពើបំពាននោះ មិនមានចែងក្នុងច្បាប់ថាជាបទល្មើសក៏ដោយ ក៏អាចចាត់ទុកជាអំពើឈ្លានពានមិនត្រឹមត្រូវដែរ ។
ការឈ្លានពាន និងការតបត ត្រូវតែកើតឡើងក្នុងពេលដំណាលគ្នា គឺចង់សំដៅថា នៅពេលដែល បុគ្គល ក ប្រព្រឹត្តអំពើឈ្លានពានមកលើ បុគ្គល ខ ជាមុន ហើយមិនទាន់បានបញ្ជប់ការឈ្លានពាននោះទេ ហេតុនេះបុគ្គល ខ ត្រូវតបតទៅវិញ ក្នុងគោលបំណងការពារខ្លួន ។ ត្រង់នេះ ត្រូវចងចាំថា ប្រសិនបើ បុគ្គល ក បានវាយបុគ្គល ខ មួយដៃ ហើយរត់ ចំំណែក ខ បានទៅតាមវាយ ក បានមួយដៃវិញ គេមិនចាត់ទុកថាជាការការពារធម្មានុរូបនោះទេ ប៉ុន្តែ គេហៅថា ជាការសងសឹកទៅវិញ ហើយមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។
គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ ឈ្លានពាន គឺសំដៅថា ការតបត ត្រូវតែធ្វើឡើងឱ្យសមគ្នាទៅនឹងកម្លាំងនៃការឈ្លានពាននោះ ។ ត្រង់នេះ សូមលើកឧទាហរណ៍ថា បើអ្នកឈ្លានពានកាន់ដំបង មួយនៅចម្ងាយ ប្រហែល១០ ម៉ែត្រពីយើង ហើយយើងទាញកំភ្លើងបាញ់សម្លាប់ អ្នកឈ្លានពាន មិនមែនហៅថាជាការការពារស្របច្បាប់ឡើយ ។
មាត្រា ៣៤ នៃក្រមដដែល បានចែងអំពីសច្ចធារណ៍នៃការការពារធម្មានុរូប ថា ត្រូវសន្មតថាជា ការការពារស្របច្បាប់ (ការការពារធម្មានុរូប) ក្នុងករណីដូចជា៖
- បទល្មើសត្រូវបានប្រព្រឹត្ដ ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ
- បទល្មើសបានប្រព្រឹត្ដ ដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែល អនុវត្ដដោយហិង្សា ។
មាត្រាដដែលបានបន្ថែមថា សច្ចធារណ៍នៃការការពារធម្មានុរូបខាងលើ មិនមានលក្ខណៈដាច់ខាតទេហើយវាអាចត្រូវរំលាយ ដោយភស្ដុតាងផ្ទុយ ។
ទស្សនាវីដេអូ៖ https://www.youtube.com/watch?v=yMS9K-9CLPE&t=393s
Tuesday, February 16, 2021
«កាតព្វកិច្ច» និង «ករណីយកិច្ច» មានន័យដូចគ្នា ឬខុសគ្នា?
អ្នកសិក្សា ជាពិសេសនិស្សិតច្បាប់ តែងជួបពាក្យ «កាតព្វកិច្ច» និង «ករណីយកិច្ច» ហើយអាចមានចម្ងល់ថា តើពាក្យទាំងពីរនេះ មានន័យដូចគ្នាឬយ៉ាងណា?
ជាការពិត នៅក្នុងវចនានុក្រមខ្មែរ មិនបានបញ្ជាក់ថា ពាក្យពីរនេះមានន័យខុសគ្នា ឬដូចគ្នាឡើយ ។ ប៉ុន្តែ ប្រសិនបើយើងរកពាក្យ «កាតព្វកិច្ច» នៅក្នុងវចនានុក្រម យើងនឹងឃើញពាក្យថា «ម.ព.ករណីយកិច្ច» ដែលនេះមានន័យថា ឱ្យយើងមើលពាក្យ «ករណីយកិច្ច» វិញ ។ ត្រង់នេះ មានន័យថាពាក្យទាំងពីរនេះ មានន័យតែមួយ ។
វចនានុក្រមខ្មែរ បានឱ្យនិយមន័យពាក្យ «ករណីយកិច្ច» ថា ជាកិច្ចដែលគួរធ្វើ, ការងារដែលត្រូវតែធ្វើ ។ និយាយជារួម ពាក្យ «កាតព្វកិច្ច» និង «ករណីយកិច្ច» គឺសំដៅលើកិច្ចការដែលត្រូវតែធ្វើជាចំបាច់ និងមិនអាចខានបាន ។
នៅក្នុងវិស័យច្បាប់ តើពាក្យទាំងពីរខាងលើ ត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេច ?
សទ្ទានុក្រមពាក្យច្បាប់ ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៧ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុំបានឱ្យនិយមន័យទៅលើពាក្យ «ករណីយកិច្ច» ឡើយ ។ ប៉ុន្តែ សទ្ទានុក្រមនេះ បានឱ្យនិយមន័យពាក្យ «ករណីយកិច្ចផ្ដាច់មុខ» ថា ជាករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម ។ ឧទាហរណ៍៖ កូន មានករណីយកិច្ចចិញ្ចឹមបឪពុកម្ដាយ នៅពេលដែលឪពុកម្ដាយចាស់ជរា ។
សទ្ទានុក្រមដដែល បានឱ្យនិយមន័យពាក្យ «កាតព្វកិច្ច» ថាជាចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា «កូនបំណុល» មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀត ដែលបានកំណត់ហៅថា «ម្ចាស់បំណុល» ។ ក្រៅពីនេះ សទ្ទានុក្រមខាងលើ បាន លើកយកពាក្យ ដែលស្ថិតក្នុងប្រភេទកាតព្វកិច្ចនានា មកពន្យល់ផងដែរ ។ ពាក្យទាំងនោះមាន៖
- កាតព្វកិច្ចចម្បង ជាកតព្វកិច្ចដើមនៃកិច្ចសន្យា ដែលបង្កើតឡើង ដោយម្ចាស់បំណុល និងកូនបំណុល ។
- កាតព្វកិច្ចដោយសាមគ្គី ជាកាតព្វកិច្ចរបស់កូនបំណុលច្រើននាក់ ដែលក្នុងនោះកូនបំណុលម្នាក់ៗ ឬច្រើននាក់ត្រូវអនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគ ដោយព្រមគ្នា ឬដោយបន្តបន្ទាប់ តាមការទាមទាររបស់ម្ចាស់បំណុល ។
- កាតព្វកិច្ចធានា ជាករណីយកិច្ចរបស់អ្នកធានា ដែលត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនបំណុលដែលមានកាតព្វកិច្ចចម្បង នៅក្នុងករណីដែលកូនបំណុល មានកាតព្វកិច្ចចម្បងនោះ មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ។
- កាតព្វកិច្ចអនិយ័ត ជាកាតព្វកិច្ចដែលផ្ដល់ឱ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ ឬច្រើនក្នុងចំណោមការផ្ដល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ ។
-
អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយប្រើហិង្សា ការគំរាមកំហែង ថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ហត្ថលេខា ឬស្នាមមេដៃ ការសន...
-
ត្រូវត្រៀមអ្វីខ្លះ ដើម្បីប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី? អត្ថបទដោយ៖ នូ ចន្ថា ដើម្បីចូលរៀនវិជ្ជាជីវៈមេធាវីបាន និស្សិត ឬសាធារណជនដែ...