Thursday, January 21, 2021

គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ សំដៅដល់ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន ។ “ការទទួលខុសត្រូវចំពោះអំពើផ្ទាល់ខ្លួន” មានន័យថា បើបុគ្គលណាម្នាក់ជាអ្នកប្រព្រឹត្តបទល្មើស បុគ្គលនោះជាអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ ហើយមិនអាចមានអ្នកដទៃមកទទួលខុសត្រូវព្រហ្មទណ្ឌជំនួសបានឡើយ ។ 

ករណីបែបនេះគឺខុសពីរឿងក្តីរដ្ឋប្បវេណី មានន័យថាក្នុងរឿងរដ្ឋប្បវេណី ច្បាប់អនុញ្ញាតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសបាន ។ ប៉ុន្តែនៅក្នុងរឿងព្រហ្មទណ្ឌ អ្នកណាជាអ្នកប្រព្រឹត្តបទល្មើស អ្នកនោះគឺជាអ្នកទទួលខុសត្រូវដែលភាសាខ្មែរយើងនិយាយយ៉ាងសាមញ្ញថា “អ្នកណាធ្វើ អ្នកនោះទទួល” ។ 

បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ។ អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានហៅឈ្មោះផ្សេងៗដូចជា ចារី សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត ។ 

ចារី សំដៅដល់បុគ្គលដែលប្រព្រឹត្តបទល្មើស ដែលត្រូវចោទប្រកាន់ ។ បុគ្គលដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម ក៏ចាត់ទុកថាជាចារីផងដែរ ។ ត្រង់នេះ សូមបញ្ជាក់ថា ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុង បទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោម នេះត្រូវបានបំពេញ៖

  • ចារីបានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង
  • ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបាន រាំងស្ទះ ឬអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន ។ 
អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្ត បទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ ។ ចំណែក ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ ។

សហចារី សំដៅដល់ បុគ្គលច្រើននាក់ បានព្រមព្រៀង ប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ។ បុគ្គលច្រើននាក់ដែលបានព្រមព្រៀង ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក ក៏ចាត់ទុកជាសហចារីផងដែរ ។

អ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម សំដៅដល់បុគ្គលដែល៖ 

  • ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការ បញ្ជា
  • បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយ ការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយ ការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន ។

អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបានសម្រេច ឬបានប៉ុនប៉ង ។ អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។

អ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម សំដៅដល់បុគ្គលដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន ។

អ្នកសមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវ បានសម្រេច ឬបានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។


ទស្សនាវីដេអូ៖ 




No comments:

Post a Comment