ប្រើបំណាច់ឆ្នាំមិនអស់
ទូទាត់ជាប្រាក់បានដែរឬទេ?
ច្បាប់ស្ដីពីការងារ
នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ១៩៩៧ ផ្ដល់សិទ្ធិឱ្យកម្មករនិយោជិតបានឈប់សម្រាកប្រចាំឆ្នាំ
ដោយមានប្រាក់ឈ្នួល ចំនួន ១៨ ថ្ងៃ ក្នុងមួយឆ្នាំ ។ ប៉ុន្តែការប្រើប្រាស់សិទ្ធិឈប់សម្រាកនេះក៏ត្រូវគោរពលក្ខខណ្ឌមួយចំនួន
កំណត់ដោយច្បាប់ផងដែរ ។
មានបងប្អូនកម្មករនិយោជិត
និងអ្នកសិក្សាជាច្រើនតែងតែមានចម្ងល់ថា នៅពេលដែលប្រើប្រាស់បំណាច់ឆ្នាំមិនអស់ តើកម្មករនិយោជិត
អាចប្ដូរយកជាប្រាក់ឈ្នួលបានដែរឬទេ ? អត្ថបទខ្លីនេះ នឹងដោះស្រាយចម្ងល់ជូន ។
ជាទូទៅ កម្មករនិយោជិតតែងតែហៅ ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
ដោយកាត់ខ្លីថា “បំណាច់ឆ្នាំ” ហើយកន្លែងខ្លះទៀត គេហៅជាអក្សរកាត់ភាសាអង់គ្លេសថា
“AL” ដែលអក្សរកាត់ “AL”នេះ មកពីពាក្យពេញថា
“Annual Leave” និងមានន័យជាខ្មែរថា “ការឈប់សម្រាកប្រចាំឆ្នាំ” ។
មាត្រា ១៦៦ វាក្យខណ្ឌទី១
នៃច្បាប់ស្ដីពីការងារ ចែងថា កម្មករនិយោជិតទាំងអស់ត្រូវមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
ដោយមានប្រាក់ឈ្នួល ដែលថ្ងៃឈប់សម្រាកនេះ ត្រូវគិតជាថ្ងៃធ្វើការធម្មតា មួយថ្ងៃកន្លះ
ក្នុងរយៈពេលធ្វើការមួយខែជាប់ ។
ក្នុងមួយឆ្នាំ មានរយៈពេល ១២ ខែ
ហេតុនេះ បើក្នុងមួយខែ កម្មករនិយោជិតទទួលបានការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
១ ថ្ងៃកន្លះ ក្នុងមួយខែ មានន័យថា ក្នុងមួយឆ្នាំ
ត្រូវទទួលបានការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ចំនួន ១.៥ x ១២
= ១៨ ថ្ងៃ ។
ចំណែកមាត្រា ១៦៧ កថាខណ្ឌទី ២ ចែងថា ក្នុងករណីដែលមានផ្ដាច់
ឬចប់កិច្ចសន្យាមុនដែលកម្មករនិយោជិតបានទទួលសិទ្ធិឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលនោះ
និយោជកត្រូវផ្ដល់ប្រាក់បំណាច់ទៅកម្មករនិយោជិត ទៅតាមកម្រិត កំណត់ដូចខាងលើ ។
ត្រង់នេះមានន័យថា ប្រសិនបើ មានការផ្ដាច់កិច្ចសន្យា
ឬចប់កិច្ចសន្យាការងារ ដោយកម្មករនិយោជិតមិនទាន់បានប្រើប្រាស់បំណាច់ឆ្នាំខ្លួនអស់
នោះនិយោជកត្រូវគណនាជាប្រាក់បំណាច់ ឱ្យកម្មករនិយោជិត ទៅតាមចំនួនថ្ងៃដែលនៅសល់ ។
ឧទាហរណ៍ ៖ សុខ ធ្វើការឱ្យក្រុមហ៊ុន “ក” ទទួលបានប្រាក់ខែ ១៨០ ដុល្លារ/ខែ ។ គាត់ត្រូវបានបញ្ចប់កិច្ចសន្យាការងារ ដោយនៅពេលបញ្ចប់កិច្ចសន្យានោះ
គាត់នៅសល់ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន ៥ ថ្ងៃ ។ ក្រុមហ៊ុន “ក” ត្រូវផ្ដល់ប្រាក់បំណាច់ជួសការឈប់សម្រាករបស់គាត់ដូចខាងក្រោម៖
១៨០ដុល្លារ ៖ ២៦ ថ្ងៃ = ៦.៩២៣
ដុល្លាក្នុងមួយថ្ងៃ
ប្រាក់បំណាច់ជួសការឈប់សម្រាករបស់
សុខគឺ៖
៦.៩២៣ ដុល្លារ x ៥
ថ្ងៃ =៣៤.៦១៥ ដុល្លារ
ប៉ុន្តែ មាត្រា ដដែល វាក្យខណ្ឌទី ៣ បានចែងថា
អនុសញ្ញារួមណា ដែលមានគម្រោងឱ្យប្រាក់បំណាច់ ដោយទូទាត់សម្រាប់ជួសការឈប់សម្រាក
ព្រមទាំងការព្រមព្រៀងដែលស្ដីអំពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
ត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់ ។
ខ្លឹមសារនៅក្នុង វាក្យខណ្ឌនេះ
គឺសំដៅហាមឃាត់មិនឱ្យមានការទូទាត់ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ
ក្នុងអំឡុងពេលដែលកម្មករនិយោជិត កំពុងបម្រើការងារឱ្យនិយោជក ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
ក៏បានបកស្រាយខ្លឹមសារមាត្រានេះផងដែរ នៅក្នុងសេចក្ដីសម្រេចលេខ ១៨៧/១៦ ចុះថ្ងៃទី ៣១
ខែ សីហា ឆ្នាំ ២០១៦ ។
នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបកស្រាយថា ច្បាប់ស្ដីពីការងារ
មានគោលបំណងលើកទឹកចិត្តឱ្យកម្មករនិយោជិតប្រើប្រាស់ការឈប់សម្រាកនេះ
ដោយមិនទូទាត់ជាប្រាក់ បើសិនជាកម្មករនិយោជិតនៅមានទំនាក់ទំនងការងារជាមួយនិយោជកនៅឡើយ
។
សរុបមក ច្បាប់ការងារ អនុញ្ញាតិឱ្យនិយោជកទូទាត់ជាប្រាក់ជួសការឈប់សម្រាក់ប្រចាំឆ្នាំ
ដល់កម្មករនិយោជិតតែក្នុងករណីដែលមានការផ្ដាច់ឬបញ្ចប់កិច្ចសន្យាមុនពេលប្រើប្រាស់ការឈប់សម្រាកនោះអស់ប៉ុណ្ណោះ
ប៉ុន្តែច្បាប់មិនអនុញ្ញាតឱ្យទូទាត់ជាប្រាក់ជួសការឈប់សម្រាក នៅក្នុងអំឡុងដែលកម្មករនិយោជិត
នៅមានទំនាក់ទំនងការងារជាមួយ និយោជកឡើយ ។
No comments:
Post a Comment