និយមន័យ និងលក្ខណ:នៃនីតិអន្តរជាតិសាធារណ:
ច្បាប់អន្តរជាតិ គឺជាបណ្ដុំនៃវិធានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ
និងរដ្ឋ រវាងរដ្ឋ និងអង្គការអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរវាង អង្គការអន្តរជាតិ និងអង្គការអន្តរជាតិផងដែរ ។
នៅសម័យបុរាណ កាលណាគេនិយាយពីច្បាប់អន្តរជាតិ
គេផ្ដោតតែលើ វិស័យសំខាន់ៗបីប៉ុណ្ណោះ គឺ ច្បាប់សង្គ្រាម ច្បាប់សន្តិសុខ
និងច្បាប់ការទូត ។ ប៉ុន្តែ ដោយមានការអភិវឌ្ឍជារឿយៗនៃទំនាក់ទំនងរបស់តួអង្គនៃនីតិអន្តរជាតិ
ក៏ដូចជាសេដ្ឋកិច្ចសាកលលោក
នាំឱ្យគេចាប់ផ្ដើមផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមាន ច្បាប់សិទ្ធិមនុស្ស
ច្បាប់សេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្ម ច្បាប់លម្ហ និងច្បាប់អង្គការអន្តរជាតិជាដើម ។
ច្បាប់អន្តរជាតិ គឺជាបទដ្ឋានគតិយុត្តអន្តរជាតិ
និងមិនមែនជាក្រមសីលធម៌អន្តរជាតិឡើយ ។ ប៉ុន្តែ គួរកត់សម្គាល់ថា
គោលការណ៍នៃច្បាប់អន្តរជាតិ ទទួលឥទ្ធិពលយ៉ាងច្រើនលើសលុប ពីគោលការណ៍សីលធម៌អន្តរជាតិ
ជាពិសេសវិស័យច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
ច្បាប់អន្តរជាតិ
គឺជាប្រព័ន្ធច្បាប់ឯករាជ្យដែលស្ថិតនៅក្រៅបទដ្ឋានគតិយុត្តរបស់រដ្ឋមួយ ។ ច្បាប់អន្តរជាតិ
មានចំណុចខុសគ្នាជាច្រើនពីប្រព័ន្ធច្បាប់ជាតិ ។ ជាក់ស្ដែង ទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ
ដែលមានតំណាងជាង ១៩០ រដ្ឋ មានរូបរាងដូចជាអង្គការនីតិប្បញ្ញត្តិមួយ ប៉ុន្តែ
អង្គការនេះ មិនមានអំណាចបង្កើតច្បាប់ដែលចងភ្ជាប់កាតព្វកិច្ចគតិយុត្តដល់រដ្ឋនានាឡើយ
។
ជាងនេះទៅទៀត
សេចក្ដីសម្រេចរបស់មហាសន្និបាត ត្រូវចាត់ទុកត្រឹមតែជាអនុសាសន៍ប៉ុណ្ណោះ លើកលែងតែក្នុងករណីពិសេសខ្លះ
និងក្នុងគោលបំណងមួយចំនួន នៅក្នុងប្រព័ន្ធសហប្រជាជាតិ ដូចជាការសម្រេចចិត្តអំពីថវិកាសហប្រជាជាតិ
ការទទួលស្គាល់សមាជិកថ្មី កិច្ចការពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ ការបោះឆ្នោតជ្រើសរើសចៅក្រមថ្មី
សម្រាប់តុលាការយុត្តិធម៌អន្តរជាតិ ។
មិនតែប៉ុណ្ណោះ មិនមានប្រព័ន្ធតុលាការដែលមានយុត្តាធិការផ្ដាច់មុខ (comprehensive
jurisdiction) ឡើយ នៅក្នុងច្បាប់អន្តរជាតិ ។ យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ
ក្នុងវិវាទនានា អាចកើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីរដ្ឋភាគីនៃវិវាទនោះ ។ នៅក្នុងប្រព័ន្ធសហប្រជាជាតិ
មិនមានកម្លាំងនគរបាលយុត្តិធម៌អន្តរជាតិ (International Police) ហើយក៏មិនមានអាជ្ញាធរប្រតិបត្តិកំពូលឡើយ ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អាចសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងដើម្បីបង្ខំរដ្ឋឱ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ខ្លួន
ប៉ុន្តែ ធ្វើបែបនេះបាន តែក្នុងកាលៈទេសៈពិសេស និងមានកំណត់ណាមួយប៉ុណ្ណោះ ជាពិសេស មុននឹងអាចអនុវត្តចំណាត់ការនេះ
ត្រូវតែមានការឈ្លានពាន ឬការគំរាមកំហែងណាមួយ ។
ជាងនេះទៅទៀត
កិច្ចអនុវត្តចំណាត់ការអាចនឹងមានការជំទាស់ (វេតូ) ពីសំណាក់រដ្ឋណាមួយ នៃសមាជិកអចិន្ត្រៃយ៍ទាំង៥
(ចិន បារាំង រូស្ស៊ី ព្រះរាជាណាចក្រអង់គ្លេស និងសហរដ្ឋអាមេរិក ) ។
ច្បាប់អន្តរជាតិ គឺជាផ្នែកដោយឡែកមួយ នៅក្នុងរចនាសម្ព័ន្ធទូទៅនៃទំនាក់ទំនងអន្តរជាតិ
។ ក្នុងការពិចារណាអំពីស្ថានភាពអន្តរជាតិជាក់លាក់ណាមួយជាទូទៅរដ្ឋត្រូវពិចារណាអំពីច្បាប់អន្តរជាតិពាក់ព័ន្ធ
។
វិធាននៃច្បាប់អន្តរជាតិ កម្រត្រូវបានអនុវត្តដោយមធ្យោបាយយោធា
ឬដោយការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចណាស់ ។ ប៉ុន្តែ រដ្ឋដែលរំលោភវិធានអន្តរជាតិ អាចបាត់បង់ការជឿជាក់
និងទទួលការរើសអើងក្នុងទំនាក់ទំនងជាមួយរដ្ឋផ្សេងទៀត ។
No comments:
Post a Comment